ព័ត៌មានជាតិ

លោក គួច ចំរើន ៖ មន្រ្តីពាក់ព័ន្ធ ត្រូវខិតខំរកមធ្យោបាយជូនដំណឹង ដល់អ្នកនេសាទ និងភ្ញៀវទេសចរ ឲ្យឡើងគោកឬ កោះជាបន្ទាន់ (សំឡេង)

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅរសៀលនេះ បានចេញសារជាបន្ទាន់មួយ ដើម្បីធ្វើការណែនាំ ទៅដល់មន្រ្តីពាក់ព័ន្ធ និងម្ចាស់ទូក កាណូតទាំងអស់ ខិតខំរកមធ្យោបាយ ជូនដំណឹងដល់ប្រជានេសាទ និងភ្ញៀវទេសចរ ដែលកំពុងស្ថិតនៅក្នុងលំហរសមុទ្រ ឲ្យឡើងមកគោក ឬកោះ ជាបន្ទាន់ ។

ការចេញសារណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃ សមុទ្រ នឹងអាចមានភ្លៀងលាយឡំនឹង ខ្យល់បក់បោកខ្លាំង ។ ក្នុងនោះរលកសមុទ្រខ្ពស់ បន្តរហូតដល់ ថ្ងៃទី ៣០ ខែកញ្ញា ។

តាមរយៈសារជាសំឡេង ប្រមាណជា២នាទីនារសៀលថ្ងៃ២៨ កញ្ញានេះ លោក គួច ចំរើន បានស្នើសុំឲ្យមានការ យកចិត្តទុកដាក់លើការងារពីរយ៉ាង ៖១- ស្នើសុំឲ្យជួយណែនាំប្រាប់ ទៅប្រជាពលរដ្ឋ ប្រជានេសាទនិងអ្នកដំណើរទាំងឡាយ ម្ចាស់ទូក កាណូតផ្អាកការធ្វើដំណើរ នៅលើផ្ទៃសមុទ្រ ឬទៅតាមកោះ ដែលអាចជួបហានិភ័យកើតឡើង ។ ២-ចំពោះអ្នកនេសាទ ពេលបានចេញ ទៅនេសាទ នៅតាមកោះ ឬនៅក្នុងលំហរសមុទ្រ ត្រូវខិតខំរកមធ្យោបាយ ជូនដំណឹងទៅឲ្យពួកគាត់ ដើម្បីបានទៅរកទីទួលសុវត្ថិភាព តាមកោះ ឬ លើគោកវិញទាន់ពេលវេលា ហើយត្រូវត្រៀមឧបករណ៍ ការពារសុវត្ថិភាព ដូចជាអាវពោងជាដើម ក្នុងពេលធ្វើដំណើរ មកកាន់ដីគោក ឬដីកោះ ៕

To Top