ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការកសាងសាលារៀន និងដំណើរការបង្រៀននៅសាលាមត្តេយ្យឲ្យបានល្អ គឺជាគន្លងអប់រំមួយ ក្នុងសង្គមស៊ីវិល័យ ព្រោះថ្នាក់មត្តេយ្យសិក្សានេះ ជាថ្នាក់ដែលបណ្ដុះបណ្ដាលកុមារតូចៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ សម្រាប់ការបន្តសិក្សាជាបន្តបន្ទាប់។


ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់អគារសិក្សាចំនួន៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានមានប្រសាសន៍ថា «ការកសាងសាលារៀននិងការដំណើរការបង្រៀននៅសាលាមត្តេយ្យឲ្យបានល្អ គឺជាគន្លងអប់រំមួយនៅក្នុងសង្គមស៊ីវិល័យ ព្រោះថ្នាក់មត្តេយ្យសិក្សានេះ ជាថ្នាក់ដែលបណ្ដុះបណ្ដាលកុមារតូចៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ សម្រាប់ការបន្តសិក្សាជាបន្តបន្ទាប់ និងក៏ពាក់ព័ន្ធនឹងដំណើរជីវិតពួកគេនាពេលអនាគតផងដែរ ។ ក្នុងនោះរួមទាំងការបណ្ដុះភាពក្លាហានឲ្យកុមារ ធ្វើឲ្យកុមារចេះឆ្ងល់ ចេះសួរ ចេះចង់ដឹង ដែលជាកត្តារួមចំណែកធ្វើឲ្យកុមារឆ្លាត»។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណសប្បុរសជន រួមទាំងក្រុមការងារ ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចដែលបានចូលរួមគាំទ្រជាបន្តបន្ទាប់ ដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធ ពិសេសសាលារៀន ផ្លូវ វត្តអារាម និងសំណង់សាធារណៈផ្សេងៗទៀតដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់។

ក្នុងនាមសប្បុរសជន សម្ដេចក្រឡាហោម បានប្រកាសផ្ទេរសំណង់សមិទ្ធផលទាំងអស់នេះជូនប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិ លោកគ្រូ អ្នកគ្រូ ដើម្បីធ្វើជាម្ចាស់គ្រប់គ្រងបន្ត ដោយសម្ដេចបន្ថែមថា «ព្រោះជាទ្រព្យសម្បត្តិសាធារណៈ។ ខ្ញុំខិតខំប្រមែលប្រមូលថវិកាពីសប្បុរសជននានាជួយសាងសង់ តែខ្ញុំមិនមានឱកាសមកជួយថែទាំគ្រប់ពេលទេ។ អ៊ីចឹងសូមចាត់ទុកជាទ្រព្យសម្បត្តិ ជាមាស ជាពេជ្ររបស់យើងទាំងអស់គ្នា»៕

