ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងទទួលបញ្ជាំទាំងអស់ មិនថានៅតំបន់ឃ្លាំងរំសេវ ឬតំបន់ដទៃទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវតែបំបាត់ ការទទួលបញ្ចាំ របស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់។
នៅលើគនណីហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត បានលើកឡើងយ៉ាង ដូច្នេះថា៖
បញ្ហាកុងស៊ីបញ្ចាំខុសច្បាប់ ជាប្រភពនាំឱ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាព ប្រជាជនមានចំណូលទាប ។
👉 បេសកកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធត្រូវអនុវត្ត ដោយការទទួលខុសត្រូវខ្ពស់ ។
👉 ការមិនចូលរួម មិនអើពើរបស់មន្ត្រី កងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ..គឺ.. ស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់ ។
👉 ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀតត្រូវតែបំបាត់ ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្ដដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មដែលសង្ស័យទទួលបញ្ចាំដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក។
ក្នុងនោះរួមមាន៖
១/ ក្រោយអធិការនគរបាលខណ្ឌទួលគោក ឃ្លាំងមួយកន្លែង នៅតាមបណ្តោយផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៤៥គ្រឿង
២/ ហាងបញ្ចាំ ហុក រ៉ាស៉ីង ផ្ទះលេខ៣៥B ផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៧៣គ្រឿង និងហៅម្ចាស់ទីតាំងទៅធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣/ ឃ្លាំងស្តុកទុកម៉ូតូមួយកន្លែង ផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន២២គ្រឿង។
សូមជម្រាបជូនថា ក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងបោសសម្អាតទីតាំងដែលបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពិសេសនៅតំបន់ឃ្លាំងរំសេវ។ ជាលទ្ធផលម៉ូតូជាង១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ត្រូវបានដកហូតពីទីតាំងបញ្ចាំដោយខុសច្បាប់ទាំងនោះ ខណៈមនុស្សចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន និងតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន៕