ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ កម្ពុជាអបអរសាទរ និងជូនពរ សមាជ បក្សកុម្មុយនីស្តចិន លើកទី២០ ទទួលជោគជ័យ

ទាំងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់ អំណាចសុទ្ធតែបានលើកឡើង ពីតួនាទីដ៏សំខាន់ របស់គណបក្ស កុម្មុយនីស្តចិន ដែលមិនត្រឹមតែសម្រាប់ចិន តែសម្រាប់ពិភពលោកទាំងមូល ។ បក្សកុម្មុយនីស្តចិន នឹងរៀបចំសមាជ លើកទី២០ របស់ខ្លួន នាពេលឆាប់ៗ ខាងមុខនេះ ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះលទ្ធផល ដែលនឹងកើតចេញ ពីសមាជ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់បក្សកម្មុយនីស្តចិន ហើយចាត់ទុកថា ជាសមាជប្រវត្ថិសាស្ត្រ សម្រាប់ពិភពលោកទាំងមូល។

«សមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែ តុលា ២០២២ ខាងមុខនេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់គណបក្ស ក្នុងការកំណត់ទិសដៅ បន្តរបស់គណបក្ស ពាក់ព័ន្ធនឹងអភិបាលកិច្ចបក្សផង និង អភិបាលកិច្ចប្រទេសជាតិផង »

នេះគឺជាប្រសាសន៍ របស់លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន ។

ទាក់ទងនឹងតួនាទី របស់គណបក្សកុម្មុនីស្តិចិន លោកជំទាវ បានលើកឡើងដែរថា «ពាក់ព័ន្ធនឹងតួនាទី របស់គណបក្សកម្មុយនីស្តចិន ខ្ញុំយល់ឃើញថា គណបក្ស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខសន្តិភាព ភាពសុខុដុមរមនា និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស សម្រាប់សង្គម ចិនទាំងមូល។ ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ដោយស្មោះសរ ចំពោះការសម្រេចបានកន្លងមក នូវសមិទ្ធផលអភិវឌ្ឍន៍ជាតិយ៉ាងធំធេង ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តម ប្រធានរដ្ឋចិន Xi Jinping អគ្គលេខាធិការបក្ស ជាប្រមុខ ជាពិសេស ការសម្រេចបាននូវគោលដៅ ១០០ឆ្នាំ ទី១ កាលពីឆ្នាំ ២០២១ ក្នុងការលុបបំបាត់ទាំងស្រុង នូវភាពទីទ័លក្រពីសង្គមចិន និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជនចិនទាំងមូល ទោះបីទទួលរងនូវ ផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ លើសពីនេះទៀត ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំង ចំពោះវិធានការឆ្លើយតបភ្លាមៗ និងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ១៩ កន្លងមក ក្នុងប្រទេស ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជាសកល។ »

លោកស្រីបន្តថា ក្រៅពីនេះ ក្រោមការដឹកនាំ របស់បក្សកម្មុយនីស្តចិន ប្រទេសចិនក៏បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចសកល ជាមជ្ឈមណ្ឌលផលិតកម្ម និងឧស្សាហកម្មយ៉ាងសំខាន់ដល់ចរន្តសេដ្ឋកិច្ចសកល និងជាទីផ្សារដ៏ធំបំផុត សម្រាប់ពិភពលោក ដែលលោកជំទាវផ្ទាល់ សូមវាយតម្លៃខ្ពស់បំផុត។

លោកស្រី ក៏សូមជូនពរឲ្យសមាជ បក្សកុម្មុយនីស្តចិនលើកទី២០ ប្រព្រឹត្តទៅដោយជោគជ័យ ហើយក្រោមមាគ៌ាអភិវឌ្ឍន៍ជាតិ ស្របតាមលក្ខណៈពិសេស របស់ចិន លោកស្រីមានជំនឿជឿជាក់ថា ប្រទេសចិន នឹងបន្តសម្រេចបាននូវការរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅសម្រេចបាននូវ គោលដៅ ១០០ឆ្នាំ ទី២ របស់ខ្លួន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅឆ្នាំ២០៤៩។

ទាក់ទងនឹងសមាជិកបក្សកុម្មុយនីស្តចិន លើកទី២០ នាពេលខាងមុខនេះដែរ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រី បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា នេះគឺជាសមាជមានលក្ខណៈជាប្រវត្ថិសាស្ត្រ មិនមែនសម្រាប់តែប្រទេសចិនទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល ដែលគ្រប់គ្នាកំពុងទទឹងរង់ចាំលទ្ធផលពីសមាជនេះ។

« ជូនពរ និងអបអរសាទរចំពោះសមាជខាងមុខនេះ សូមឲ្យដំណើរទៅដោយជោគជ័យ និងដោយរលូន »

សម្រាប់តួនាទី របស់បក្ស កម្មុយនីស្តចិន លោកបានវាយតម្លៃថា « ភាគច្រើន យើងឃើញហើយ អ្នកដែលតាមដាន បានស្វែងយល់ពីតួនាទី ដ៏សំខាន់របស់បក្ស កម្មុយនីស្តចិន បានឃើញថា ប្រទេសចិន មានការរីកចម្រើនមកដល់ថ្ងៃនេះ តើតួនាទីរបស់របស់គណបក្ស កម្មុយនីស្តចិនបានដើរ តួនាទីយ៉ាងដូចម្តេច ? បានន័យថា គណបក្សបានដើរតួនាទី យ៉ាងសំខាន់ណាស់ ក្នុងការធ្វើឲ្យចិនប្រែក្លាយជា ប្រទេសមួយដែលឆ្លង កាត់ការប្រឈមរាប់មិនអស់ នៅក្នុងប្រទេសផង តំបន់ផង និងពិភពលោកផង ប៉ុន្តែបានប្រែក្លាយជាប្រទេសមួយ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យតួនាទីរបស់ចិនកាន់តែមានសារៈសំខាន់ មានលក្ខណៈជាយុទ្ធសាស្ត្រ នៅក្នុងតំបន់ និងសកលលោក លើគ្រប់វិស័យ….យើងវាយតម្លៃបានថា គណបក្សកម្មុយនីស្តចិន នឹងបន្តតួនាទីរបស់ខ្លួន ក្នុង១០០ឆ្នាំមុខទៀត ពីព្រោះថា ការដឹកនាំរបស់បក្ស កន្លងមកនេះឆ្លុះបញ្ជាំង ថា បក្សបានដឹកនាំក្នុងផ្លូវត្រូវ ទើបបានចិនរីកចម្រើន អភិវឌ្ឍ ប្រែក្លាយប្រទេសចិនទាំងមូល មានការឈានមុខ មកដល់បច្ចុប្បន្ន មានការលូតលាស់ ធ្វើឲ្យចិនប្រែមុខមាត់ មានកិត្យានុភាពជាសកល »។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំលទ្ធផលសំខាន់ៗអ្វីខ្លះ ពីសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលាខាងមុខនេះ៖ « យើងខ្ញុំតែងតែតាមដាន និងយកចិត្តទុកដាក់ អំពីសភាពការណ៍ដែលកើតឡើង ថាតើការដឹកនាំប្រកប ដោយមាគ៌ាដ៏ត្រឹមត្រូវ របស់បក្សកម្មុយនីស្តចិន មានរបត់ថ្មីអ្វីខ្លះទៀត ដើម្បីយកមកពិចារណា និងប្រៀបធៀបជាមួយនឹង ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា »។

លោក សុខ ឥសាន ក៏សូមជូនពរនិងអបអរសាទរ និងមានមោទនភាពដ៏ខ្ពស់ខ្ពស់ ដើម្បីជូនពរឲ្យសមាជបក្សកុម្មុយនីស្តចិន លើកទី២០ នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងស្វែងរកនូវមាគ៌ាដ៏ភ្លឺស្វាង ជាមួយនឹងការដឹកនាំសង្គមចិន ទាំងមូល ឈានឆ្ពោះទៅរកដំណើរ ប្រកបដោយជ័យជំនះ ទូទាំងប្រទេសចិន ក៏ដូចជា សាយភាយនូវឥទ្ធិពលជាវិជ្ជមាន កើតចេញពីសមាជនេះ ទៅដល់បណ្តាប្រទេសនានា នៅលើពិភពលោក ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top