កំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួន បុរសពីរនាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត នេះបើតាមការឲ្យដឹង ពីលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម នៅថ្ងែទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។
លោក វរសេនីយ៍ត្រី ឡេង សុខា បានឲ្យដឹងទៀតថា នៅវថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាធាយ និងពន្លាតដែនសម្ថកិច្ច សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ហាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានចុះអនុវត្តន៍តាមដីកា បង្គាប់ឲ្យចាប់ខ្លួន ចំនួន០២ដីកា (លេខ៦១៥ព.ស និលេខ៦១៤ ពស) ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យបានចំនួន ០២ នាក់ ៖
ទី១៖ ឈ្មោះ ឃុត ខូវ ភេទប្រុសអាយុ៥៦ ឆ្នាំ មានទីលំនៅភូមិច្បារអំពៅ ឃុំច្បារអពៅ ស្រុកបាធាយ ឃាត់ខ្លួននៅវេលាម៉ោង ៨.៣០ នាទី ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។
ទី២៖ ឈ្មោះ ហាប់ ផលរី ភេទប្រុសអាយុ ៤១ឆ្នាំ មានទីលំនៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ឃាត់ខ្លួននៅវេលាម៉ោង ២០.៣០នាទី នៅតាមផ្លូវស្ថិតនៅភូមិដង្កោ សង្កាត់ដង្កោ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រត់គេចខ្លួន)។
លោក ឡេង សុខា ឲ្យដឹងទៀតថា ដើមចមនៃបទល្មើសខាងលើ ផ្ដើមចេញពី ដើមបណ្តឹងឈ្មោះ ស្រ៊ុន សាឡូន ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំ រកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល បានប្រគល់លុយទៅឲ្យជនសង្ស័យខាងលើ ដើម្បីទិញដី ប៉ុន្តែជនសង្ស័យ មិនបានយកលុយនោះ ទៅទិញដីឱ្យទេទើបធ្វើឲ្យ ឈ្មោះ ស្រ៊ុន សាឡូន បានដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងខេត្តកំពង់ចាម ។
លោក ឡេង សុខា បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងចាត់ការតាមនីតិវិធី ៕