ភ្នំពេញ៖ ក្រោយទទួលបានដំណឹង ក៏ដូចជាមានការចែកចាយ នៅលើបណ្ដាញសង្គម ពីវីរភាពរបស់យោធិន ពីររូប ក្នុងការជួយសង្គ្រោះជីវិតក្មេងលង់ទឹក តែជាអកុសល ត្រូវស្លាប់ខ្លួនឯងនោះត្រូវបាន ប្រជាពលរដ្ឋខ្មែរ គ្រប់ជាន់ថ្នាក់ បានចេញសាររំលឹកទុក្ខ និងកោតសរសើរចំពោះការលះបង់មួយនេះ យ៉ាងផុសផុល។

ក្នុងនោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈគណនីហ្វេសប៊ុក នៅរាត្រី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានបង្ហោះនូវសារដែលមានខ្លឹមសារថា «សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !»។
ដោយឡែកចំពោះ លោក ប៉ាវ ស៊ីណា ដែលជាប្រធានសហភាពចលនាកម្មករកម្ពុជា ក៏បានបញ្ចេញនូវ ការកោតសរសើរ ចំពោះវីរៈភាព របស់មន្រ្តីយោធិន ទាំងពីររូបផងដែរ។
លោកថា «ការពលីជីវិតរបស់ប្អូនទាំងពីរ ក្នុងការជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់ ពីគ្រោះថ្នាក់ តែប្អូនទាំងពីរត្រូវទឹកគួចរហូតបាត់បង់ជីវិត ។ វីរៈភាព របស់ប្អូនទាំងពីរ បានបន្សល់ទុកនៅការចងចាំដែលមិនអាចបំភ្លេចបាន សូមប្អូនទាំងពីរបានទៅកាន់សុខគតិភព »។
ក្រៅពីនេះ គេក៏សង្តេតឃើញមាន ការចែករំលែក និងចូលរួមមរណៈទុក្ខជាច្រើនហូរហែ នៅលើបណ្ដាញសង្គមទៀតផង។

សូមរំលឹកថា បើយោងតាមរបាយការណ៍ របស់កងទ័ពជើងគោក យោធភូមិភាគទី៤ បានឱ្យដឹងថា នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៦ យោធិនវរសេនាតូចលលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ បាន លង់ទឹកស្លាប់ ។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិន វរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន២នាក់ បានទៅបង់ត្រី នៅចំណុច អាងអង្ក្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ UA(២៧៣.៦៦៦) ក៏ប្រទះឃើញក្មេង២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះពេលសង្គ្រោះជីវិតក្មេងបានហើយ ជាអកុសលទឹកហូរគួចខ្លាំង បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់តែម្ដង។
យោធិនទាំងពីរនាក់រួមមាន៖
១. ពលបាលឯក ឈន ស៊ីដេត អាយុ ៣៥ឆ្នាំ អត្តលេខ ២៣៤៦៩០ ។

២. ពលទោ វ៉ាន់ វុន អាយុ ២៣ ឆ្នាំ អត្តលេខ ២៣៨១៤២ ៕

