ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អ្នកមិនព្រមរុះរើលំនៅឋាន ចេញពីតំបន់អង្គរ ឱ្យចេញជាបន្ទាន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាច់ណាត់ដល់ អ្នកដែលមិនព្រមរុះរើលំនៅឋាន ចេញពីតំបន់រមណីយដ្ឋានអង្គរ ឱ្យចេញជាបន្ទាន់ ទាន់រាជរដ្ឋាភិបាលមានគោលនយោបាយផ្ដល់ជូន ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់ នាថ្ងៃទី៣ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានសាច់ញាតិម្នាក់ នៅក្នុងតំបន់អង្គរ បានប្រាប់សម្ដេច តាំងពីមុនសម្ដេចទៅសៀមរាបថា លើកទី១.កុំប្រគល់ក្រែងគេឃោសនាថា រដ្ឋបាលនឹងយកដីទៅលក់ឲ្យឯកជន, លើកទី២.គេថា សុំទុកដីនេះសិន ដើម្បីតថ្លៃឲ្យបានដីធំជាងនេះ និងបានសំណងច្រើនជាងហ្នឹង ។

សម្ដេចតេជោ បានបញ្ជាក់ថា «ពេលនេះជាពេលដែល រាជរដ្ឋាភិបាលធ្វើការថ្នាក់ថ្នម អង្វរកឲ្យបងប្អូនឲ្យចាកចេញ ខ្ញុំទៅជួបផ្ទាល់​ជិត ៤ពាន់គ្រួសារ បើបូកទាំងអ្នកចេញពីសៀមរាបផងជាង ៤ពាន់គ្រួសារ ប៉ុន្តែនៅពេលវេលាមកដល់ មួយសេនក៏អត់ឲ្យដែរ ហើយបញ្ជូនចេញពីតំបន់នោះតែម្ដង សូមផ្ដាំទៅឲ្យហើយ ។ នេះជាពេលវេលាដែល រាជរដ្ឋាភិបាលកំពុងថ្នាក់ថ្នម ធ្វើហេដ្ឋារចនាសម្ព័ន្ធជូន ប៉ុន្តែដល់ពេលវេលាមួយហើយ មិនមែនសុខចិត្តឲ្យអង្គរវត្តត្រូវគេដក ចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោកទេ ច្បាស់ជាដកគ្រួសារហ្នឹងចេញហើយ» ។

សម្ដេចតេជោបន្ថែមថា កុំឃើញនាយករដ្ឋមន្ត្រី ទៅនិយាយ ហើយគិតថាថ្ងៃក្រោយអាចតថ្លៃ បានតម្លៃច្រើនជាងហ្នឹង ដីធំជាងហ្នឹង គឺអត់ទេ ព្រោះដីអ្នកទាំងអស់គ្នា អត់មានកម្មសិទ្ធិទេ ។

សម្ដេចតេជោសង្កត់ធ្ងន់ថា ឲ្យតែដល់ពេលដែលមានសម្ពាធពី អង្គការយូណេស្កូ ដែលទាក់ទងជាមួយនឹងការការពារ ក្នុងរមណីយដ្ឋានអង្គរ គឺ«សូមអញ្ជើញចេញ ដោយគ្មានសំណងអ្វីឡើយ ព្រោះអាសងមុនអត់ព្រមយក» ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបន្តថា យើងមិនចង់ដើរដល់ចំណុចនោះទេ គឺយើងធ្វើតាមដំណាក់កាលនីមួយៗ ​។ សម្ដេចថា បងប្អូនប្រាកដជាយល់ ហើយកុំចាញ់បោកក្រុមបក្សនយោបាយណាថា ធានា គឺអត់ធានាទេ ។

សម្ដេចក៏បានចោទជាសំណួរថា «សួរថាអ្នកឯងនៅមុនឆ្នាំ៧៩ទេ គឺនៅក្រោយទាំងអស់ ហើយអ្នកណាមានសិទ្ធទៅឲ្យកម្មសិទ្ធិនៅក្នុងតំបន់នោះ?» ៕

To Top