ព័ត៌មានជាតិ

គុយបា បង្ហាញឆន្ទ:ពង្រឹងនិងពង្រីក ទំនាក់ទំនង ជាមួយកម្ពុជា

ភ្នំពេញ: នៅក្នុងជំនួបពិភាក្សាការងារទ្វេរភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា នៅ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឆន្ទ: ក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនងជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងលោក នាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោកផង។

លើសពីនោះទៀត លោកនាយករដ្ឋមន្ត្រីគុយបា បានគោរពសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុត សម្រាប់លោក និងប្រតិភូមកកាន់កម្ពុជា ។

លោក ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅ នៅប្រទេសគុយបា ដែលរួមមាន៖ ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ច នៅប្រទេសគុយបា។

លោក ម៉ានូអែល ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់ អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។

ក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជា ដែលបានផ្ដល់អង្ករចំនួន ៦ពាន់តោនមកដល់ប្រទេសគុយបា ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វី ដែលបានលើកឡើងដោយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បានលើកឡើង នូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យ ដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យ គុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀត ដែលជារួមមាន៖ វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា ៕

To Top