ព័ត៌មានជាតិ

ភូមិព្រៃស្នួល នឹងរៀបចំការប្រណាំងទូក លើកទី២ រយៈពេល៣ថ្ងៃ នាដើមខែក្រោយ

ភ្នំពេញ៖ ដើម្បីអបអរសាទរពីធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ អ្នកភូមិព្រៃស្នួល បាននឹងកំពុងត្រៀមរៀបចំ ឱ្យមានការលេងប្រណាំងទូក ជាលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

សូមបញ្ជាក់ថា ភូមិព្រៃស្នួល បានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក​សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម។

កម្មពីធីប្រណាំងទូកស្មាច់លើកទី២ នៅភូមិព្រៃស្នួល នាឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ លោក អ៊ួច ភា អភិបាលខេត្តតាកែវផងដែរ។

ជាមួយនឹងការត្រៀមរៀបចំ ឱ្យការប្រណាំងទូកលើកទី២ នេះ លោក សយ សុភាព តំណាងឱ្យអ្នកភូមិព្រៃស្នួល បានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងមន្រ្តីអាជ្ញាធរ ជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួម និងជូយឧបត្ថម្ភ តាមការគួរដើម្បីឱ្យពិធីបុណ្យប្រណាំងទូក សប្បាយរីករាយ។

លោក សយ សុភាព និងមេភូមិ ប្រធានសហគមន៍ ព្រមទាំងអ្នកភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការជួយឧបត្ថមគាំទ្រ ក្នុងការការបង្កើតឱ្យ​មាន កម្មពិធីសប្បាយរីករាយ នេះជាប់ជាប្រចាំ។

ជាមួយគ្នានេះ ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល លោក សយ សុភាព ក៏បានថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលចូលរួមឧបត្ថម្ភបន្ថែមផងដែរ ដែលក្នុងនោះរួមមាន៖

១/ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឧបត្ថម្ភថវិកា ២លានរៀល។

២/លោក បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យានស្ថាន វ៉ាន់ដា គណនេយ្យ បានឧបត្ថម្ភ ចំនួន ១លានរៀល។

សូមរំលឹកថា កម្មពិធីប្រណាំទូកស្មាច់លើកទី២នេះ ធ្វើឡើងនៅ ភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅទីតាំងប្រឡាយស្តារព្រៃស្នួល ក្នុងភូមិតែម្តង៕

To Top