ព័ត៌មានជាតិ

ទណ្ឌិតជិត៧០០នាក់​ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ថ្ងៃបុណ្យអុំទូក

ភ្នំពេញ ៖ ទណ្ឌិតជិត៧០០នាក់ បានស្នើសុំ ដើម្បីលើកលែង និងបន្ធូរបន្ថយទោស នៅថ្ងៃបូណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅពេលខាងមុខនេះ ។

លោកគឹម សន្តិភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹង នៅថ្ងៃទី៦ តុលា ឆ្នាំ២០២២នេះថា​ នៅព្រឹកថ្ងៃទី ៦ ខែតុលា លោក  កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោស ទណ្ឌិត បានដឹកនាំកិច្ចប្រជុំ គណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ដោយគណៈកម្មការថ្នាក់ជាតិ បានទទួលសំណុំឯកសារ ពីបណ្តាពន្ធនាគារ រាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំកែប្រែទាំង៤  ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ (ស្រី ៦៤ នាក់) ។

លោកថា អ្នកទោសដែលស្នើសុំនោះ មានស្នើសុំបន្ធូរបន្ថយទោស ចំនួន ៦២៦ នាក់ (ស្រី ៥៥ នាក់) ។
ស្នើសុំលើកលែងទោស ចំនួន ៥៧ នាក់   (ស្រី ០៩ នាក់) ។

លោកបានឲ្យដឹងទៀតថា កិច្ចប្រជុំកិច្ចរបស់គណៈកម្មការថ្នាក់ជាតិ បានពិនិត្យបញ្ចប់ជាស្ថាពរ លើបញ្ជីសរុប នៅព្រឹកថ្ងៃដដែលនេះ ហើយកំពុងបន្តរៀបចំសំណុំឯកសារ គោរព ស្នើសុំការសម្រេច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិត តាមលទ្ធផលនៃកិច្ចប្រជុំនេះ ៕

To Top