ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងលើកចិត្តដល់ប្រជាពលរដ្ឋលេងកីឡា និងចិញ្ចឹមមាន់ ប៉ុន្ដែមិនត្រូវលេងភ្នាល់ដាក់លុយ ឬយកមាន់ចិញ្ចឹមនោះ ទៅជល់ឡើយ គឺច្បាប់មិនអនុញ្ញាតទេ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បែបនេះ ក្រោយពីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន បានទៅបង្ក្រាប់កន្លែងចិញ្ចឹមមាន់ជល់ ឬកន្លែងលេងបាល់ទះ។
ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា សមត្ថកិច្ច លើកទឹកចិត្តដល់ប្រជាពលរដ្ឋលេងកីឡា ប៉ុន្ដែមិនលើកទឹកចិត្តឱ្យលេងភ្នាល់ ដាក់លុយឡើយ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ក្នុងនាមសមត្ថកិច្ចយើងខ្ញុំ លើកទឹកចិត្តឱ្យមានការលេងកីឡា ហើយមានអ្នកកន្លែងខ្លះលេងកីឡាចឹងមែន យើងខ្ញុំ សមត្ថកិច្ចមានការសប្បាយរីករាយណាស់ ដោយមានការចូលរួមពីយុវជនលេងកីឡាពិតប្រាកដ។ ប៉ុន្ដែក្នុងការលេងកីឡានេះ មានការភ្នាល់នៅខាងក្រោយហ្នឹង។ លេងកីឡាពិតប្រាកដយើងលើកទឹកចិត្ត ប៉ុន្ដែមានការភ្នាល់ គឺមិនអនុញ្ញាតឱ្យមានទេ»។
លើសពីនេះ នាយឧត្តមសេនីយ៍ បន្ដថា សមត្ថកិច្ច ក៏បានលើកទឹកចិត្តដល់គ្រប់រូបភាពចិញ្ចឹមមាន់ តែមិនត្រូវស្ពាយមាន់ទៅជល់ឡើយ ហើយអាជ្ញាធរមានវិធានការបង្ក្រាបគ្រប់ពេលវេលា។ នាយឧត្តមសេនីយ៍ បន្ថែមថា អាជ្ញាធរ ក៏ត្រូវបង្ក្រាបកន្លែងចិញ្ចឹមដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «ការធ្វើចឹងមិនអនុវត្តតាមការណែនាំទេ ការចិញ្ចឹមមាន់ ចិញ្ចឹមបានតើ នៅក្នុងកន្លែងគាត់ចិញ្ចឹមមាន់ ប៉ុន្ដែសំខាន់កុំឱ្យស្ដាយមាន់ទៅជល់ អាហ្នឹងបានយើងមានវិធានការ គាត់ចិញ្ចឹម ចិញ្ចឹមចុះ ចិញ្ចឹមកាន់តែច្រើន កាន់តែល្អ ប៉ុន្ដែបើសិនគាត់ស្ដាយមាន់នឹងទៅ យកដាក់ជល់អាហ្នឹងហើយ យើងមិនលើកទឹកចិត្តទេ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងទៀតថា ទោះបីមានការរិះគន់ពីនៅក្រៅប្រទេសអំពីបង្ក្រាបល្បែងស៊ីខុសច្បាប់ក៏ដោយ ក៏សមត្ថកិច្ចបន្ដបង្ក្រាបដែរ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ជាពិសេស សុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ នាយឧត្តមសេនីយ៍ ក៏បានស្វាគមន៍ព័ត៌មានទាំងឡាយនាំដល់ការស៊ើបអង្កេត និងស្វែងរកឃើញទីតាំងជនល្មើស និងកន្លែងប្រព្រឹត្តបទល្មើស។
សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។
ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសង នឹងអាចចូលរួមចំណែកក្នុងកាត់បន្ថយការជួញដូរ មនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងជួយឱ្យប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ជាមួយគ្នា៕