ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនូវការរៀបចំ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) ដើម្បីលើកទឹកចិត្តយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យភាពនៅកម្ពុជា ។
ការប្រកាសនេះធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្តីពី មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ក្រោមវត្តមានលោក ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: , លោក ឯក ប៊ុនថា អគ្គនាយករង នៃ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ,លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, លោក Deependra Chuachan ទីប្រឹក្សានាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងដៃគូគាំទ្រសរុបប្រមាណ៦០នាក់។ មហោស្របភាពយន្តខ្លីកម្ពុជា លើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងកម្មវិធីបើកមហោស្រព នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី១៦ ។
មហោស្រពនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ភាពយន្តដេលចូលរួមប្រកួតប្រជែងទាំងអស់ នឹងត្រូវបានចាក់បញ្ចាំងនៅតាមទីតាំងជាច្រើន ក្នុងរាជធានីភ្នំពេញរួមមានសាលសន្និសីទចតុម្មុខ មជ្ឈមណ្ឌលបុប្ផាណា Cine Hub រោងភាពយន្តមេជ័រ ស៊ីណេផ្លិច រោងភាពយន្តលេអេន រោងភាពយន្ត ប្រាម ស៊ីណេផ្លិច ។ ដែលកម្មវិធីចាក់បញ្ជាំងនឹងបង្ហាញនៅចុងខែវិច្ឆិកាខាងមុខនេះ ។
គួរឲ្យដឹងថា ការរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ក៏មានការប្រកួតប្រជែង ដោយការទទួលយកខ្សែភាពយន្តខ្នាតខ្លីរបស់ផលិតករ មកវាយតម្លៃផ្តល់ជ័យលាភី និងរង្វាន់ផងដែរ ។ ផុតកំណត់នៃការទទួលពាក្យ ចូលរួមប្រកួត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះគោលការណ៍វិនិច្ឆ័យជ្រើសរើស និងសិទ្ធិចាក់បញ្ចាំង ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ ដែលបានចូលរួម នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅសាលសន្និសីទចតុម្មុខ និងរោងភាពយន្តនានា នៅរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងវប្បធម៌បញ្ជាក់ថា ការប្រកួតប្រជែងនេះ គឺបើកចំហសម្រាប់ផលិតករភាពយន្តកម្ពុជាទាំងអស់ ដែលផលិតភាពយន្តខ្នាតខ្លី មានរយៈពេលមិនលើកពី៣០នាទី ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ។ ចំពោះភាពយន្តដែលផលិត ដោយផលិតករបរទេស ក៏មានសិទ្ធិក្នុងការបញ្ចាំង នៅក្នុងកម្មវិធីរបស់មហោស្រពផងដែរ ប៉ុន្តែគ្រាន់តែមិនមានសិទ្ធិក្នុងការចូលរួម ប្រកួតប្រជែងយកពានរង្វាន់ឡើយ។
សូមបញ្ជាក់ថាស្នាដៃភាពយន្ត ដែលត្រូវបានជាប់ជាជ័យលាភីលេខ១ ទទួលបានពានមាស អមដោយថវិកា ១២.០០០.០០០ រៀល, ជ័យលាភីលេខ២ ទទួលបានពានប្រាក់ អមដោយថវិកា ៨.០០០.០០០រៀលនិងជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ អមដោយថវិកា ៤.០០០.០០០ រៀល៕