ព័ត៌មានជាតិ

គ.ជ.ប បិទផ្សាយបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២១ បញ្ជីឈ្មោះទីតាំងការិយាល័យ ចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោត ចុងក្រោយ) បញ្ជីឈ្មោះទីតាំង ការិយាល័យ ចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើឲ្យការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមបណ្ដាឃុំ-សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១០ តុលា បានបញ្ជាក់ថា ក្នុងដំណើរការនេះ លេខាធិការដ្ឋាន រាជធានី-ខេត្ត រៀបចំការបោះឆ្នោត សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ និងនៅទីតាំងមួយចំនួន ក្នុងឃុំ-សង្កាត់ទាំង ១,៦៥២ ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានបង្ហោះបញ្ជីបោះឆ្នោត ចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះឆ្នោត នៅលើគេហទំព័រ www.nec.gov.kh ព្រមទាំង នៅក្នុងកម្មវិធីទូរស័ព្ទដៃ (App) NEC KH ផងដែរ។

សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោត ចុងក្រោយ បញ្ជីឈ្មោះទីតាំងការិយាល័យ ចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត មានគោលបំណង ឲ្យប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោតរួចហើយ ធ្វើការពិនិត្យ និង ផ្ទៀងផ្ទាត់ទិន្នន័យ របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យ ដែលត្រូវចុះឈ្មោះបោះឆ្នោត និង បោះឆ្នោត។

ប្រសិនបើទិន្នន័យ ក្នុង បញ្ជីបោះឆ្នោត ចុងក្រោយ កត់ត្រាមិនបានត្រឹមត្រូវ តាមទិន្នន័យក្នុង អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលបានប្រើប្រាស់ នៅពេលចុះឈ្មោះបោះឆ្នោត កន្លងមកទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយ ក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕

To Top