ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី អំពាវនាវគ្រឹះស្ថាន សិក្សាទាំងអស់ ឲ្យយកចិត្តទុកដាក់ បង្កើតក្រុមកាយរឹទ្ធិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវ ដល់គ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋនិងឯកជន ឲ្យយកចិត្តទុកដាក់ ការបង្កើតក្រុមកាយរឹទ្ធិបន្ថែមទៀត ។

ថ្លែងក្នុងពិធីបិទមហាសន្និបាត កាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្រុមកាយរឹទ្ធិ គឺត្រូវបាន ចាត់ទុកជាកម្លាំងស្នូល នៃផ្នែកសីលធម៌ ព្រោះអត់មានទៅរើសក្រុមគ្រឿងញៀន ឲ្យចូលជាក្រុមកាយរឹទ្ធិនោះទេ ។ កម្លាំងនេះ គឺជាកម្លាំងដែលសំរឹតសំរាំង គុណភាពច្បាស់លាស់ ធានាទាំងបរិមាណ និងគុណភាព។

សម្ដេចតេជោបញ្ជាក់ថា “ខ្ញុំគួរតែអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់ ជាពិសេសទាំងរដ្ឋ និងឯកជន យកចិត្តទុកដាក់ការបង្កើតនូវក្រុមកាយរឹទ្ធិ ដែលនៅទីនេះអាចប្រើពាក្យថា កាយរឹទ្ធិរាមច្បង ហើយពាក្យរាមច្បងនេះ យើងនឹងឈានទៅបង្កើត សាខារបស់វា តទៅទៀត”។

សម្ដេចថា ប្រសិនបើនៅតាមសាលាណា ដែលមិនទាន់មានឬក៏មានតិចតួច ក៏ប៉ុន្តែខ្វះឯកសណ្ឋានដោយសារពុំមានថវិកា អតីតសិស្សដែលរៀន នៅសាលានោះ គួរតែត្រូវជួយឧបត្ថម្ភ ។

សម្ដេចតេជោបន្ថែមថា ព្រោះឥឡូវនេះ គ្រាន់តែអ្នកចេញមកពីសាលាមកធ្វើការ រាប់ម៉ឺននាក់ ដែលមានប្រាក់ខែគ្រាន់ៗ បើដែលមានលទ្ធភាពចែករំលែក ចន្លោះពី១០ទៅ១០០កំភ្លេរ​ ។

សម្ដេចគូសបញ្ជាក់ថា “ខ្ញុំអំពាវនាវ ចំពោះអតីតសិស្ស នៅតាមសាលាដែលខ្លួនធ្លាប់រៀន យកចិត្តទុកដាក់ឧបត្ថម្ភឲ្យអតីតសាលារបស់ខ្លួន ឲ្យមានយុវជនកាយរឹទ្ធនេះឡើង” ។

សូមរំលឹកថា កម្ពុជាបានបង្កើត ក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបាន រំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាព កាយរឹទ្ធពិភពលោក ។

លើសពីនេះ កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះ ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋ មានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុង សហគមន៍នៅតាមមូលដ្ឋាន រស់នៅដោយផ្អែកលើមូលដ្ឋានរៀន ដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម ៕

To Top