ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ អភិបាលរាជធានី-ខេត្ត ត្រូវក្ដាប់ និងតាមឲ្យជាប់ ដោះស្រាយឲ្យទាន់ ករណីមានទឹកជំនន់ ក្នុងតំបន់ខ្លួនទទួលខុសត្រូវ

ភ្នំពេញ៖ ដោយសារប៉ុន្មានថ្ងៃទឹកជំនន់ទាំងទឹកភ្លៀង និងទន្លេហាក់ជោរជន់ខ្លាំង សម្ដេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យ គ្រប់អភិបាលរាជធានី-ខេត្ត ត្រូវក្តាប់ និងតាមដានឲ្យជាប់ជានិច្ច ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាដែល ពួកគាត់រងគ្រោះដោយសារជំនន់ ។

តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំ សូមឲ្យ ឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-ខេត្តទាំងអស់ គឺត្រូវក្ដាប់ឲ្យជាប់ តាមដានឲ្យជាប់ ដោះស្រាយឲ្យទាន់ពេលវេលា ក្នុងករណីដែលមានបញ្ហាទឹកជំនន់ ក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់»។

សម្ដេចបន្ដថា ក្នុងដំណាក់កាលនេះ ត្រូវត្រៀមរៀបចំកងកម្លាំងមធ្យោបាយសម្ភារ ដើម្បីធ្វើយ៉ាងណាសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានទឹកជំនន់ប៉ះពាល់ក្នុងតំបន់ តាមបណ្ដារាជធានី-ខេត្ត។

សម្ដេចនាយករដ្ឋមន្រ្តីក៏បានណែនាំ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមដានឲ្យបានជាប់លាប់ សហការជាមួយគណៈអភិបាលរាជធានី-ខេត្ត ក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីរាជធានី-ខេត្ត មានតម្រូវការ។ ក្រៅពីនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវត្រៀមកម្លាំង មធ្យោបាយ ជួយអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដូចគ្នា។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ស្ថាប័ន្ធពាក់ព័ន្ធ ត្រូវត្រៀមស្បៀង សម្ភារបរិក្ខា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានី-ខេត្ត។

ជាមួយគ្នានេះដែរ សម្តេចចថា ក៏ត្រូវត្រៀមស្រូវពូជ ក្នុងករណីផលរងប៉ះពាល់ធំ និងស្ដារឡើងវិញ នូវដំណាំរបស់កសិករ៕

To Top