ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយ ព្រះមហាក្សត្រ ត្រាស់បង្គាប់ លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយបញ្ចប់មុខតំណែង ពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ នាពេលថ្មីៗ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំក្រុមប្រឆាំងផ្កាប់មុខមើលមាត្រា២១ ជំពូក ២នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់មកទៅសូមអានមាត្រា ២០ជំពូកទី ៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ សម្ដេច ណែនាំបែបនេះក្រោយពីក្រុមប្រឆាំងមិនយល់ និងតែងតែរិះគន់ ទៅលើការបញ្ចប់មុខតំណែង លោក វេង សាខុន ថា «ខុសរដ្ឋធម្មនុញ្ញ»។
សម្ដេចតេជោ មានប្រសាសន៍ថា «ថ្ងៃនេះ ខ្ញុំធ្វើលិខិតចូលព្រះបរមរាជវាំង តែងតាំង វេង សាខុន ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។ យ៉ាងក៏ជាសាច់ឈាមរបស់យើង ជាមន្ដ្រីដែលធ្វើការជាមួយតាំងយូរ ដូច្នេះយើងអត់បោះបង់ចោលទៅណាទេ ប៉ុន្ដែយើងត្រូវការទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិកម្ម ឱ្យលឿនទៅមុខតែប៉ុណ្ណឹង»។
សូមរំលឹកថា នាពេលថ្មីៗនេះ តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រោយស្នើសុំបញ្ចប់ពីរដ្ឋមន្រ្តី ពីសំណាក់រាជរដ្ឋាភិបាលហើយ នៅថ្ងៃ១៣ តុលាខាងមុខគណៈអចិន្ត្រៃយ៍រដ្ឋនឹងបើកកិច្ចប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តឲ្យ លោក ឌិត ទីណា ជាកូនលោកឌិត មន្ទីរប្រធានតុលាការកំពូល ជារដ្ឋមន្រ្តីជំនួសលោក វេង សាខុន៕