ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ផ្លូវខូចដោយសារជំនន់ទឹកភ្លៀង នឹងត្រូវជួសជុលឡើងវិញ នៅពេលអស់ទឹកភ្លៀង

កំពង់ចាម ៖ ឆ្លើយតបទៅនឹងសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាមនៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង លោក និងចាត់មន្ត្រីជំនាញ ឲ្យធ្វើការជួសជុលឡើងវិញ នៅពេលអស់ទឹកភ្លៀងខាងមុខនេះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា កន្លងទៅនេះ រដ្ឋបាលខេត្តបានចាត់មន្ត្រីជំនាញ ឲ្យធ្វើការជួសជុលឡើងវិញ នូវផ្លូវជាច្រើនកន្លែង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដូចជា ការកាត់ផ្លូវជាតិលេខ៧ ដើម្បីដាក់លូ ក៏ដូចជាផ្លូវចេញពីក្រុងកំពង់ចាមទៅភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងផ្លូវពីនាងគង់ហ៊ីង ទៅស្រុកកងមាស ជាដើម គឺខាងជំនាញនៃមន្ទីរសាធារណការ បានធ្វើការជួសជុលទៅតាមបច្ចេកទេស ប៉ុន្តែជាលទ្ធផល នៅតែមិនឈ្នះទឹកភ្លៀងដដែល ។ ដូច្នេះ ការជួសជុលនេះ ត្រូវរង់ចាំរហូតដល់អស់ទឹកភ្លៀង ទើបមន្ត្រីជំនាញ ចាប់ផ្ដើមធ្វើតែម្ដង។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា សូម្បីតែផ្លូវ AC នៅក្នុងក្រុងកំពង់ចាម ក៏មានការខូចខាតដែរ ដោយក្រោយពីការសិក្សា ទៅតាមបច្ចេកទេស ឃើញថា ដី ថ្ម នៅខាងក្រោមមានការជ្រាបទឹក គួបផ្សំភូមិសាស្ត្រខ្លះក្នុងក្រុងកំពង់ចាម ជាទីទំនាប ធ្វើឲ្យទឹកភ្លៀងហូរពីគ្រប់ទីកន្លែង ជន់លិចតំបន់នោះ បណ្ដាលឲ្យផ្លូវឆាប់ខូច ។

ទាក់ទងទៅនឹងការជួសជុលផ្លូវឡើងវិញនោះដែរ លោកអភិបាលខេត្ត បានជ្រើសយក២ជម្រើស ដោយជម្រើសទី១ គឺឲ្យក្រុមហ៊ុនដែលសាងសង់ មិនទាន់ហួសសុពលភាពថែទាំ ត្រូវជួសជុល និងអ៊ុតកៅស៊ូ AC ទាំងអស់ ។ ហើយប្រសិនបើនៅតែមិនគង់វង្សទៀតនោះ ជម្រើសទី ២ គឺឈូសចោលទាំងអស់ ហើយសាងសង់ថ្មី ជាផ្លូវបេតុងតែម្ដង ។

លោកអភិបាលខេត្ត ឱ្យដឹងទៀតថា នៅតំបន់ទំនាបក្នុងក្រុង ដើម្បីបញ្ជៀសការដក់ទឹកដោយកន្លែង រដ្ឋបាលខេត្តបានសម្រេចចិត្ត កាត់ផ្លូវជាតិលេខ៧ និងធ្វើលូធំ នៅខាងក្រោមតែម្ដង ដើម្បីបង្ហូរទឹកទៅបឹងស្នាយ ដែលកិច្ចការនេះត្រូវបានប្រគល់ឲ្យមន្ត្រី ខាងការិយាល័យផែនការនិងវិនិយោគ និងមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការសិក្សា ដោយដាក់លូមុខកាត់ទំហំ ៣ ម៉ែត្រ ធ្វើផ្លូវបេតុងពីលើ ដើម្បីរំដោះជំនន់ទឹកភ្លៀងទៅបឹងស្នាយ ៕

To Top