ព័ត៌មានជាតិ

ព្រឹទ្ធសភា អនុម័តសេចក្តីព្រាងច្បាប់ លើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀង​វិ​និយោគ ទូលំទូលាយអាស៊ាន

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាចំនួន៥៥រូប បានលើកដៃអនុម័តទាំងស្រុង លើសេចក្តីព្រាង ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀង ​វិ​និយោគទូលំទូលាយអាស៊ាន ។

ការអនុម័តធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ដោយព្រឹទ្ធសភាកម្ពុជា បានបន្តសម័យប្រជុំលើកទី៩ក្រោមអធិប​តី​ភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដោយសមាជិកទាំង៥៥រូប។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ជំរុញរំហូរ វិនិយោគក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន និងបង្កើតបរិយាកាស វិនិយោគដោយសេរី ងាយស្រួល មានតម្លាភាព និង មានលក្ខណៈប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និង ការវិនិយោគក្នុងអាស៊ាន ព្រមទាំងមានភាពចាំបាច់ សម្រាប់ធ្វើការវាយតម្លៃ និង ត្រួតពិនិត្យឡើងវិញ នូវលក្ខខណ្ឌតម្រូវកាតព្វកិច្ច ចំពោះវិនិយោគិន បរទេស ដែលនៅជាធរមាន របស់រដ្ឋសមាជិក និងពិចារណា ធ្វើការប្តេជ្ញាចិត្ត បន្ថែមនៅក្នុងមាត្រា៧ (ការហាមឃាត់លក្ខខណ្ឌ តម្រូវឱ្យបំពេញកាតព្វកិច្ច) នៃកិច្ចព្រមព្រៀងវិនយោគទូលំទូលាយអាស៊ាន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងកាន់តែប្រសើរឡើង និងអំណោយផលដល់ការទាក់ទាញ ​វិនិយោគពីប្រទេសផ្សេង មកក្នុងតំបន់អាស៊ាន។

ពិធីសារទីបួននេះ នឹងក្លាយជា លិខិតូបករណ៍ អន្តរជាតិមួយទៀត ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញក្រុមហ៊ុន ដែលចុះបញ្ជី នៅក្នុងបណ្តារដ្ឋសមាជិក អាស៊ាន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ប្រកបដោយភាពជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា​ អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៦សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាល​ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ៕

To Top