ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ការបង្ក្រាបល្បែងស៊ីសង កន្លែងបញ្ចាំផលចោរកម្ម​​ ទទួលបានលទ្ធផល ល្អប្រសើរ

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤១​​ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ​ បានលើកឡើងថា​​ ការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យប្រជាពលរថ្ឋអបអរសាទរគាំទ្រ ។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីលោក កើត​ ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលារាជធានីភ្នំពេញផងដែរ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន លោក ឃួង ស្រេង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្មទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋអបអរសាទរ គាំទ្រ ។ ក្នុងនោះមានប្រជាជនមួយចំនួនបានបាត់របស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានរកឃើញមកវិញ នៅក្នុងយុទ្ធនាការបង្ក្រាបនេះផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជាសំណូមពរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឲ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច បន្តការបង្ក្រាបឲ្យដូចភ្លៀងរលឹម។

ជាមួយគ្នានោះ ចំពោះការងារសាធារណការ និងកែលម្អសោភ័ណ្ឌភាព នៅក្នុងរាជធានីភ្នំពេញ លោក ប្រធានក្រុមប្រឹក្សា ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលបានខិតខំជំរុញការងារថែទាំផ្លូវថ្នល់ និងជួសជុលផ្លូវក្រលុក សំបុកមាន់ នៅដើមផ្លូវជាតិ ចេញពីរាជធានី ភ្នំពេញចំនួន៦ខ្សែ និងផ្លូវក្នុងរាជធានីចំនួន៣៤ផ្លូវបានល្អប្រសើរ ។

សម្រាប់ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្នុងត្រីមាសទី៣នេះ ជាមធ្យមការប្រមូលសំរាម មានបរិមាណ ៣៧១៨,៧៩តោនក្នុងមួយថ្ងៃ ប៉ុន្តែការប្រមូលសំរាមឃើញថា អនុវត្តបានល្អប្រសើរ មិនមានការកកស្ទះកាកសំណល់និងសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានសោភ័ណ្ឌភាព និងបរិស្ថានល្អ៕

To Top