ព័ត៌មានជាតិ

ផ្តន្ទាទោស ជនជាប់ចោទ ប្រុស-ស្រី៤នាក់ ជាប់គុក ក្នុងម្នាក់ៗ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន ជិត៣ គីឡូក្រាម

ភ្នំពេញ: លោកស្រី យិច ឈាណាវី ជា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទប្រុស-ស្រី ចំនួន៤នាក់ ដាក់គុកក្នុងម្នាក់ៗ កំណត់៣០ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០លានរៀល  ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ចំនួន ជិត៣ គីឡូក្រាម  ប្រព្រឹត្ត នៅក្នុងសង្កាត់ព្រែកលាភ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពី ខែតុលា ឆ្នាំ ២០២១ ។

លោកស្រីចៅក្រម ឈាណាវី ក៏បាន ទម្លាក់ចោលបទចោទប្រកាន់ ចំពោះ ជនជាប់ចំនួន២នាក់ទៀត និង សម្រេចដោះលែង ពួកគេ ពីពន្ធនាគារ ដោយសារតែ ពួកគេ មិនមានពិរុទ្ធភាព ដូចការចោទប្រកាន់។

លោកស្រីចៅក្រមបានថ្លែងឱ្យដឹងនៅក្នុងសវនាការប្រកាសសាលក្រមថា:  ជនជាប់ចោទ ទាំង៤នាក់ ដែលត្រូវបានផ្តន្ទាទោស ខាងលើនេះ មានឈ្មោះ ទី ១.ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ , ទី ២.ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ , ទី ៣.ឈ្មោះ តែ លីផេងអាង ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ , និង ទី ៤.ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។

អ្នកទាំង៤នាក់នេះ ត្រូវជាប់គុក ក្នុងម្នាក់ៗ ៣០ឆ្នាំ  និង ពិន័យ ជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ:  រក្សាទុក ដឹងជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន ជិត៣គីឡូក្រាម។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរនិង ឈ្មោះ  ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន តុលាការរាជធានីភ្នំពេញ សម្រេចឲ្យរួចផុតពីបទចោទ។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១៕

ដោយ: លីហ្សា

To Top