ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកAndreas Vyras អភិបាលក្រុងឡាណាកា (Larnaka) នៃសាធារណរដ្ឋស៊ីប នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ បានចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងក្រុងទាំង២ ដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើង ពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាល ជាង៥សតវត្សរ៍ ពិសេសលើកពីសម័យរបបប៉ុលពត ដែលបានធ្វើឲ្យកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែនបានរំដោះប្រទេសជាតិ ចេញពីរបបនេះធ្វើឲ្យកម្ពុជា ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។
ស្របជាមួយនឹងការអភិវឌ្ឍនេះ លោកឃួង ស្រេង ក៏បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការកកស្ទះចរាចរណ៍ ការដោះស្រាយបញ្ហា លំនៅ ដ្ឋានមិនរៀបរយ និងបញ្ហាជំងឺកូវីដ-១៩ជាដើម ។ បញ្ហាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយ យ៉ាងសកម្មផងដែរ។ ដោយបានកសាងមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងព្យាបាលជំងឺផ្សេងៗទៀតដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ។
លោកបន្តទៀតថា សម្រាប់រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងជាច្រើន នៅលើពិភព លោក ហើយថ្ងៃនេះរាជធានភ្នំពេញ ក៏មានកិត្តិយបានចុះហត្ថលេខាជាមួយទីក្រុងឡាណាកា ក្នុងបំណងចង់ ឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងវៃឆ្លាត នៅពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះ លោក Andreas Vyras អភិបាលក្រុង Larnaka ក៏បានលើកឡើងពីភាពរីក ចំរើន លើគ្រប់វិស័យរបស់រាជធានីភ្នំពេញដែលលោក នឹកស្មានមិនដល់ ហើយអ្វីពិសេសថែមទៀតនោះ កម្ពុជាក៏ដូចជារាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អ ជុំវិញការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងបានសុំរៀនសូត្រពីបទពិសោធន៍ទាំងនេះពីកម្ពុជា ។ បន្ថែមពីនេះក្នុងគោលបំណងពង្រីកចំណងមិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមក រវាងប្រជាជននៃទីក្រុងទាំងពីរ អ្វីជាបទពិសោធន៍របស់ទីក្រុង Larnaka នឹងយកមកចែករំលែក ជូនរាជធានីភ្នំពេញដែលមានដូចជា ចំណតឆ្លាត ភ្លើងបំភ្លឺឆ្លាត ការគ្រប់គ្រងសំណល់រឹងឆ្លាតជាដើម ៕