ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេល ៥ឆ្នាំកន្លងនេះ ចាប់ពីឆ្នាំ២០១៨-២០២២ កម្ពុជារក្សាបានសន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស ទោះបីក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិទាំងក្នុង និងក្រៅប្រទេស បង្កហានិភ័យមកលើសេដ្ឋកិច្ចសង្គមកម្ពុជាក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ខៀវ សុភ័គ បានថ្លែងថា «ពិតណាស់ថា សភាពការណ៍សន្តិសុខ និងវិបត្តិសុខភាពសាធារណៈជាសកល ការប្រែប្រួលអាកាសធាតុ បូករួមទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុល និយម និងមជ្ឈដ្ឋានអគតិនៅក្នុង និងក្រៅប្រទេសបាន បង្កហានិភ័យ មកលើសេដ្ឋកិច្ច សង្គមរបស់យើង ប៉ុន្តែនៅក្នុងរយៈពេល ៥ឆ្នាំនេះ កម្ពុជាមានមោទកភាព ដោយនៅតែរក្សាបានសន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស និងការឯកភាពផ្ទៃក្នុងជាតិ ស្ថាប័នកំពូលនានារបស់ជាតិ និងគ្រប់ព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ត្រូវបានដំណើរ ការដោយរលូន និងមានសុវត្ថិភាពទាំងស្រុងបញ្ចៀសបាននូវអំពើភេរវកម្ម»។
លោកបន្ដថា ខណៈប្រទេសនៅក្នុង និងក្រៅតំបន់រង ការវាយប្រហារដោយអំពើនេះ ៥.៧៩៤លើក/៥៥ប្រទេស ព្រមទាំងទប់ស្កាត់បានដោយជោគជ័យនូវឧបាយកល និងសកម្មភាពបដិវត្តន៍ ពណ៌ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈសិទ្ធិសេរីភាព នៃការជួបជុំ ការសម្តែងមតិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវបានធានាការពារស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹង និងលើកកម្ពស់នីតិរដ្ឋ ការគោរពអនុវត្តច្បាប់ និងការ លើកកម្ពស់យុត្តិធម៌សង្គម។
លោករដ្ឋលេខាធិការ ក៏បន្ថែមទៀតថា រយៈពេល៥ឆ្នាំនេះ ក្នុងរបត់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាកម្ពុជា បានពុះពារឆ្លងកាត់ ប្រកបដោយជោគជ័យ នូវបញ្ហាប្រឈមជាច្រើន ដែលកើតចេញពីកត្តា សត្យានុម័តផង និងកត្តាអត្តនោម័តផង ។ ជាក់ស្តែង ការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនទូទាំងសកលលោក។
លោកបញ្ជាក់ថា ប៉ុន្តែយ៉ាងណាមិញ ឆ្លើយតបចំពោះវិបត្តិ និងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវវិធានការនានាប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម និងឆ្លើយតបបានទាន់ពេលវេលាចំពោះផល ប៉ះពាល់បណ្តាលមកពីវិបត្តិនានា និងគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ ហើយបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាបាននូវប្រក្រតីភាពនៃគ្រប់សកម្មភាព ក្នុងសង្គម លំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពសង្គម ស្របតាមគោលការណ៍នានាដែលបានកំណត់៕