ព័ត៌មានជាតិ

គយ ពន្យារពេលបង់ពន្ធ លើរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ ក្នុងប្រទេស បានចុះបញ្ជីរួច

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំ គ្មានពន្ធ ដែលមានស្រាប់ ក្នុងប្រទេសបានចុះបញ្ជី រួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ នាថ្ងៃទី១៣ តុលា បានបញ្ជាក់ថា «ដោយពិនិត្យឃើញពីស្ថានភាពលំបាក ក្នុងរដូវវស្សាប៉ះពាល់ដល់អាជីវកម្ម របស់ម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២»។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ បានរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាកប្រញាប់ចូលមកបង់ពន្ធ នៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្តដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួនបានតាមការកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាប ដោយមន្ត្រីគយ តាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាននិងតាមទីកន្លែងសាធារណៈជាយថាហេតុ។

អគ្គនាយកដ្ឋានគយបន្ដថា នៅក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានដែលពុំបានបំពេញកាត ព្វកិច្ចពន្ធ និងអាករ នឹងក្លាយជាមុខសញ្ញានៃការបង្ក្រាប រឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

អគ្គនាយកដ្ឋានគយសង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

សូមរំលឹកថា រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួចដែលមិនទាន់ចូលបង់ពន្ធមានចំនួនជាង៣ពាន់គ្រឿង៕

To Top