ព័ត៌មានជាតិ

លោក កៅ ថាច ចុះពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយ បងប្អូនចិញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅស្រុកសេរីសោភ័ណ្ឌ ដែលកំពុងរងផលប៉ះពាល់ ដោយទឹកជំនន់

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យ ការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយ បងប្អូនចិញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ ដោយសារទឹកជំនន់។

តាមការអោយដឹងត្រួសៗ ពីសំណាក់បងប្អូន, ការចញ្ចឹមទាយកពង កំពុងជួបបញ្ហាប្រឈម ដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្មណ៍របស់ បងប្អូនសហគមន៍ចិញ្ចឹមទា គឺបញ្ហាចំណីទាពង ឡើងថ្លៃ ដែលនាំអោយការចំណេញមានការថយចុះ។ យកឱកាសនោះលោកបណ្ឌិត កៅ ថាច បានចូលរួមសោកស្តាយ ចំពោះគ្រោះមហន្តរាយនេះ។

មួយវិញទៀត លោកបានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចិញ្ចឹមទា ឬជាសហគមន៍ ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុក ចំណីទាពងចេញពីរោងចក្រផ្ទាល់តែម្តង ដោយប្រើប្រាស់កញ្ចប់ឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ការណ៍នេះ ដើម្បីទទួលបានតម្លៃសមរម្យ និងធូរថ្លៃជាងទិញចំណីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃ ដើមផលិតបានមួយកម្រិត។

បន្ទាប់ពីទឹកស្រកវិញ, លោកបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគមន៍ អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងករណីដែលបងប្អូនមាន តម្រូវការឥណទានបន្ថែមដើម្បី ស្តារអាជីវកម្មឡើងវិញ។ ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហារបស់បងប្អូនដែល កំពុងជួបប្រទះដោយសារទឹកជំនន់, លោកបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ ៕

To Top