ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មនុស្ស៣នាក់ ដែលជាប់ពាក់ព័ន្ធធ្វើឲ្យមនុស្ស ស្លាប់ចំនួន១១នាក់ ក្រោយមានករណីលិចទូកដរ ដឹកសិស្សនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីម៉ោងប្រមាណជា៧ នារាត្រីថ្ងៃទី១៣ តុលា ។
លោក ឈឿន សុចិត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃ១៥ តុលាថា នៅពេលកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតហើយ ទើបបានឈានទៅដល់ការឃាត់ខ្លួនម្ចាស់ និងអ្នកបើកទូកចំនួន៣ ដើម្បីឲ្យទទួលខុសត្រូវ លើករណីនេះ ចាត់វិធានការផ្លូវច្បាប់”។
លោកថា ករណីលិចទូកដរនេះ ក៏ការជាព្រមានដល់ម្ចាស់ទូកដ ទៃទៀតឲ្យមានស្មារតីប្រុងប្រយ័ត្ន ចំពោះអាជីវកម្មរបស់ខ្លួន។
លោកបន្តថា ករណីលិចទូកដរនេះ អាចកើតមកពីការខ្វះការទទួលខុសត្រូវ និងភាពធ្វេសប្រហែស របស់ម្ចាស់ទូកផ្ទាល់តែម្តង។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃ១៣ តុលា មានឧប្បទ្ទវេ ហេតុកើតឡើង បង្កឲ្យភ្ញាក់ផ្អើលនៅទូទាំងប្រទេស ក៏ដូចជាមានសារព័ត៌មានល្បីក្នុង ពិភពលោកចាប់អារម្មណ៍ ដោយសារមានករណីលិចទូដរ ដឹកសិស្សសាលា នៅស្រុកលើកដែក បណ្តាលឲ្យបាត់ខ្លួន ១៥នាក់ ប៉ុន្តែក្រោយមានការជួយជ្រោមជ្រែង ពីអ្នកពាក់ព័ន្ធបានរកឃើញជាបន្តបន្ទាប់ ។ ក្នុងហេតុការណ៍ នោះមានអ្នកស្លាប់១១នាក់ ហើយម្នាក់ចុងក្រោយគេបាន ឃើញនៅម៉ោង៦ព្រឹកនេះ។
អ្វីជាការចាប់អារម្មណ៍គឺ អ្នកបើកទូដរទើបតែមានអាយុ១៥ឆ្នាំ ។ បើតាមអ្នកបើកទូរនោះថា ដោយសារឃើញយប់ជ្រៅក៏បង្ខំបើក ដើម្បីឲ្យដល់ច្រាំង ខណៈ៥០ម៉ែត្រទៀតប៉ុណ្ណោះ ដល់ច្រាំងក៏លិចតែម្តង ៕