ព័ត៌មានជាតិ

កងពលតូចលេខ៧០ ប្រារព្វ​ខួប​អនុស្សាវរីយ៍​ លើក​ទី​២៨ ថ្ងៃកំណើត​កងពល

ភ្នំពេញ៖ កងពលតូច​លេខ​៧០ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២២នេះ បាន​ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​ លើក​ទី​២៨ ដែល​ជា​ថ្ងៃកំណើត​កងពល ​(១៥ តុលា ១៩៩៤-១៥ តុលា ២០២២) ក្រោម​អធិបតីភាព ​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០​​ នៅទីបញ្ជាការកងពល ។ 

លោក​ឧត្តមសេនីយ៍ឯក បាន​មានប្រសាសន៍ ក្នុងឱកាសនោះថា ចាប់តាំងពីថ្ងៃបង្កេីត​កងពល​ រហូតមកដល់ថ្ងៃនេះគឺមានរយះពេល​ ២៨ឆ្នាំ​ កងពលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍​ ដោយបានកសាងអគារ​ស្នាក់នៅ​ អគារមន្ទីរពេទ្យ​ អគារចំណតរថយន្ត​ អគារអាហារដ្ឋាន​ អគារហាត់ប្រាណ​ មណ្ឌលសុខភាព​ ​ហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ទំនប់បង្ហៀរទឹក​ ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះមហន្តរាយ ការជួយ​ព្យាបាល​ និងសម្រាលលំហែមាតុភាព ដល់​ប្រជាជន​ដោយ​មិន​គិតថ្លៃ​ផងដែរ។ 

លោក​មេបញ្ជាការ កងពលបាន​បន្ថែមទៀតថា កងពល​បាន​ប្តេជ្ញា ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​គាំទ្រ​យ៉ាង​មុឺងម៉ាត់​ ចំពោះ​គោលជំហ​ររបស់​រា​ជ​រដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកដឹកនាំ និង​ប្រឆាំង​ដាច់ខាត​មិនអោយ​មាន​ការធ្វើបដិវត្ត​ពណ៍ ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះឡើយ​។ 

ជាពិសេស​សម្រាប់​ទិសដៅ​ឆ្នាំ​២០២៣​ កងពល​មាន​ផែនការ​បន្ថែម​លេីការ​ហ្វឹកហ្វឺ​ន​ ដេីម្បី​បង្កេី​ន​សមត្ថភា​ព ដល់​នាយទាហាននាយទាហានរង និង​ពលទាហាន​។​​ កងពលបានត្រៀម​ខ្លួន​ជាស្រេច​អនុវត្ត​ដាច់ខាត ​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​ទ័ព​ជេីង​គោក​។​

ជាចុងបញ្ចប់​ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់ បានសំណូមពរដល់យោធិនទាំងអស់​ ត្រូវរក្សាអនាម័យ​ អនុវត្តវិធានការ​ ៣កុំ​ ៣ការពារ​ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលជំងីកូវីដ-១៩​ ដែលអាចនឹងកេីតឡេីងជាថ្មី​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល​ និងបានថ្លែងអំណរគុណ​ ​កោតសរសើរដល់យោធិនគ្រប់រូប​ និងជូនពរអោយបំពេញការងារ ទទួលបានលទ្ធផលល្អជោគជ័យគ្រប់ភារកិច្ច ដែលកងពលបានប្រគល់ជូន​។ 

សូមបញ្ជាក់ថា កងពលតូច​លេខ​៧០ គឺ​បង្កើតឡើង​នៅ​ថ្ងៃទី​១៥ តុលា ឆ្នាំ ១៩៩៤ ដែល​ដំបូង​ឡើយ គឺមាន​ឈ្មោះថា វរ​សេនា​តូច​លេខ​៧១ បន្ទាប់​មក​បានប្រែក្លាយ​ទៅ​ជាវរ​សេនា​ធំ​លេខ​៧០ មកដល់​បច្ចុប្បន្ន​ទើប​ក្លាយ​ជា​ កងពលតូច​លេខ​៧០​៕

To Top