ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសទុករយៈ ពេល២សប្តាហ៍ឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិនដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឲ្យបានចប់ បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។
សម្តេចតេជោបានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២២ថា ៖«ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិ បាលខេត្តប៉ៃលិនឲ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឲ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។
សម្តេចបានលើកឡើងទៀតថា រឿងព្រំប្រទល់រដ្ឋបាលខេត្តនេះបានធ្វើជាច្រើនជំនាន់«ខ្ញុំបាននិយាយអភិបាលបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឲ្យបរទេសឯណា ភូមិហ្នឹងជាភូមិបងប្អូនប្រជាពលរដ្ឋធ្វើសមាហរកម្ម ដល់ចេញមក អ្នកខ្លះបោះឆ្នោតនៅប៉ៃលិន ខ្លះប៉ៃលិន អីចឹងពិបាកណាស់ដោយសារបាត់ដំបងដីធំ»។
សម្តេចក៏បានឲ្យអភិបាលខេត្តបាត់ដំបងកាត់ដីប៉ុន្មានពាន់ហិកតា ឲ្យខេត្តប៉ៃលិនដើម្បីឲ្យប្រជាជន៖ទី១.ទទួលបានក្នុងការចុះឈ្មោះបោះឆ្នោត ហើយអាចដូរកន្លែងចុះឈ្មោះ ទៅកន្លែងផ្សេង ឬនៅបោះឆ្នោតកន្លែងដដែល។ ទី២. ប្រជាពលរដ្ឋទទួលបានប្លង់ដើម្បីដាក់ធនាគារ។
បើតាមសម្តេចតេជោ ករណីមិនទាន់ដោះស្រាយចប់នេះដោយសារមានអ្នកធំមួយចំនួនបានដាំស្វាយ ដូច្នេះត្រូវរារាំងកុំឲ្យអភិបាលខេត្តកាត់ដីឲ្យខាងណា។
សម្តេចក៏ឲ្យអ្នកទាំងនោះកុំធ្វើការរារាំង ពីព្រោះការកាត់ ដីនេះមិនបានបង់ដីទៅបរទេសណាទេ គឺនៅតែដីខ្មែរគ្រាន់តែនៅខាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនប៉ុណ្ណោះ។
សម្តេចបន្ថែមថា ការកាត់ដីនេះគ្រាន់តែតម្រឹមព្រំប្រទល់ខេត្ត ហើយពលរដ្ឋអាចធ្វើដំណើរទៅបានជិត។
សម្តេចថា«អីចឹងសូមចៅហ្វាយខេត្ត ចៅហ្វាយស្រុក អ្នកពាក់ព័ន្ធនឹងករណីហ្នឹង ។ អីចឹងទេសូមកែសម្រួលទៅដើម្បីឲ្យពលរដ្ឋបានប្លង់ដើម្បីដាក់ធនាគារបាន ដោយកុំឲ្យពលរដ្ឋនៅតំបន់ហ្នឹងអត់មានបែបនេះ រយៈពេលជាង៣០ឆ្នាំ ហើយនៅតែធ្វើមិនចេញ។ អីចឹងសូមបញ្ជាក់»៕