ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព និងមេប៉ូលិស​ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះទណ្ឌិត សម រង្សី ដែលញុះញង់ឱ្យផ្ដួលរំលំ រាជរដ្ឋាភិបាល

ភ្នំពេញ៖​ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញញត្តិថ្កោលទោស ចំពោះសម្ដីទណ្ឌិត សម រង្ស៉ី ដែលបានញុះញង់ឲ្យមានការផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នាឆ្នាំ២០២៣ ខាងមុខនេះ។

ការចេញញត្តិថ្កោលទោស នេះ បន្ទាប់ពី លោក សម រង្ស៊ី តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ បានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

តាមរយៈញត្តិថ្កោលទោស របស់អង្គភាពកងកម្លាំងទាំងពីរ បានបញ្ជាក់យ៉ាងច្បាស់ថា «យើងខ្ញុំទាំងអស់គ្នាប្ដេជ្ញាការពារដាច់ខាតរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ពិសេសការពារឲ្យខាងតែបាននូវសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត»។

សម្រាប់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ទេចចោលភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ ៣ជំនាន់និងបក្សពួកដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាក។

ដោយឡែកចំពោះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការប៉ះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

សូមបញ្ជាក់ថា ថ្លែងចេញពីទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្ដូរផ្ដាច់ កម្ទេចចោលរាល់ក្រុមអ្នកអនុវត្តន៍ផែន ការរបស់លោក សម រង្ស៊ី ដោយក្នុងនោះក៏បានព្រមានរំលាយគណបក្សនយោបាយណា ដែលមានការទាក់ទងជាមួយ បុគ្គល សម រង្ស៊ី និងបក្ខពួកផងដែរ៕

To Top