ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងប្រែក្លាយវិស័យកសិកម្មកម្ពុជា ឲ្យទៅជាកសិកម្មបែបទំនើប។
ការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រដ្ឋមន្រ្តីកសិកម្មវ័យក្មេងថ្មីរូបនេះ ក្រោយពីការចូលកាន់តំណែងភ្លាមៗនារសៀលថ្ងៃ១៧ តុលា ក្រោមអធិបតីភាព លោក ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ក្រោយពីប្រកាសផ្ទេរតំណែងហើយ លោក ឌិត ទីណា បានថ្លែងការតាំងចិត្តនៅចំពោះមុខមន្ត្រីិជាន់ខ្ពស់របស់ក្រសួង និងអ្នកសារព័ត៌មានថា «ប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជាឲ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឲ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ»។
លោកបន្ដថា វិស័យកសិកម្ម គឺត្រូវធ្វើដោយបរិយាប័ន្ន មានន័យថា រួមគ្នាធ្វើ ទើបដាក់ចេញវិធានការនានា ដែលអាចបម្រើផលប្រយោជន៍ជារួម។ លោកថា បើសិនជាមានចំណុចណាមួយមិនប្រក្រតីដែលមិនអាចសម្រេចបាន ឬមានមន្ទិលយ៉ាងណាមួយ នៅក្នុងឋានានុក្រមនៃរាជរដ្ឋាភិបាល លោកក៏អាចសួរជាយោបល់ទៅលោកឧបនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកការងារផែនរបស់វិស័យកសិកម្មនេះ ឬក៏សួរបន្តទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានការណែនាំយ៉ាងច្បាស់លាស់ ផងដែរ។
លោករដ្ឋមន្ដ្រីកសិកម្មថ្មី ក៏បានបញ្ជាក់ថា «អ្វីដែលសំខាន់ គឺបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាយើង នេះគឺជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ។ ចឹងសំខាន់ណាស់ មិនមែនយើងមើលតែបុគ្គលណាមួយ ឬផ្នែកណាមួយ នៃកសិកម្មនោះទេ ។ កសិកម្មយើងធ្វើដោយបរិយាប័ន្ន មានន័យថា រួមគ្នាធ្វើ ចឹងមើលជាមួយរួម គ្រប់ទាំងអស់ ទើបយើងដាក់នូវវិធានការដែលអាចបម្រើផលប្រយោជន៍ជារួម»៕