ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ សប្បាយចិត្ត ក្រោយពុំឃើញពលរដ្ឋ ត្អូញត្អែនិងសំណូពរ ពាក់ព័ន្ធបញ្ហាសំរាម

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តីត្រែកអរ នៅចំពោះមុខប្រជាពលរដ្ឋ ក្នុងវេទិកាពិគ្រោះយោបល់ សម្រាប់ខណ្ឌបឹងកេងកង បន្ទាប់ពីលោកបានសង្កេតឃើញថា ពលរដ្ឋនៅទីនេះ ពុំមានការត្អូញត្អែ និងសំណូមពរអ្វីពីលោក ពាក់ព័ន្ធបញ្ហាសំរាម ។

យ៉ាងណាក៏ដោយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាកល វិទ្យាល័យ ប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី១៨តុលានេះ ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយ សំណើសំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយ បិទការ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការ ស្នើសុំដោះស្រាយ បញ្ហាកកស្ទះសំរាម មិនត្រូវបានលើកឡើង ក្នុងវេទិកានេះទេ។

វេទិកាដែលធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេងអភិបាលរាជធានី នេះមានប្រជាពលរដ្ឋ លើកឡើងពីហាងបៀហ្គាឌិន ដែលបានរំខានដោយ សំលេងលឺៗ ដេកពួនមិនបាន ។ ស្នើការរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឲ្យស្ទះផ្លូវ១៦៣ , ១៧៣និងធ្វើស្លាកសញ្ញាចរាចរ ។ ការសូមធ្វើលូនៅផ្លូវ២៧៦ នៅសង្កាត់អូឡាំពិក ។ ដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃ បង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរ សូមបើកផ្លូវ៣៨៦ ជាដើម ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានជម្រុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយ រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយលោកបានណែនាំអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាមសាលារៀន កុំធ្វេសប្រហែស បណ្តាលឲ្យ មានហេតុការអាក្រក់កើតឡើង ចំពោះសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឲយមានសោធនាកម្ម បែបនេះកើតឡើង ផ្តើមចេញពីការធ្វេសប្រហែសរបស់អាជ្ញាធរនោះទេ ។

លោកអភិបាលបន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវីល័យហើយ ដូច្នេះសម្រាប់ការបំរើប្រជាពលរដ្ឋត្រូវតែស៊ីវីល័យដូចគ្នាដែរ ពោលគឺត្រូវជម្រុញអភិបាលកិច្ចឲ្យបានល្អ មិនអាចអន់ថយនោះទេ។

លោក ឃួង ស្រេង បញ្ជាក់ថា ការសុំបិទបៀហ្គាដិន ការ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ត្រូវសហការជាមួយប៉ុស្តិ៍ ចុះអនុវត្តការងារនេះ ជូនប្រជាពលរដ្ឋ មានន័យថា អ្វីដែលជាភាពចាប់បាច់ របស់ប្រជាពលរដ្ឋត្រូវតែធ្វើជូនពួកគាត់ ៕

To Top