ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំសន្និធិស្បៀង បម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់ផលប៉ះពាល់ដោយទឹកជំនន់

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហរ និងផលប៉ះពាល់នានាដែលបង្កឡើងដោយ សារទឹកជំនន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួង។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផល ប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់នាថ្ងៃទី១៨ តុលា លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាលដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា»។

លោកបន្តថា ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ បង្កឡើងដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ដោយផ្អែកតាមលិខិតរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏ដូចជា តាមការណែនាំផ្ទាល់ពី លោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា។

លោក បន្ថែមថា តាមកិច្ចប្រជុំថ្នាក់បច្ចេកទេសនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និងត្រៀមជាស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

លោករដ្ឋមន្រ្តី បញ្ជាក់ជូនថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕

To Top