DAP News

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា ស្នើគ្រឹះស្ថានធនាគា​រ និងហិរញ្ញវត្ថុ អនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ ជាក់ស្ដែង ដោយសារទឹកជំនន់ ធ្ងន់ធ្ងរ។

ធនាគារជាតិនៃ​កម្ពុជា​ បានឱ្យដឹងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហា ទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តន៍តាមប្រសាសន៍ អំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២ និងក្រោយពីបានពិភាក្សា ជាមួយសមាគមធនាគារ នៅកម្ពុជានិងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតជោ និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំ ឥណទានឡើងវិញ តាមលក្ខខណ្ឌ ដូចខាងក្រោម៖

១/ ការកាត់បន្ថយចំនួនប្រាក់ដើម ឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន

២/ ការបន្ថយអត្រាការប្រាក់ទាប ជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម

៣/ ការពន្យាពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់

៤/ ការពន្យារឥណប្រតិទាន

៥/ ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន

៦/ ការផ្លាស់ប្តូរពីឥណទាន មានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់ តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់ នៅឥណប្រតិទាន (Bullet Loèn)

៧/ កាលើកលែង ឬ បន្ថយទ្រព្យធានា

៨/ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬការផ្តល់រយៈពេលអនុគ្រោះ ដោយគ្មានការទូទាត់សង (Grace period) ដែលអាចមាន រយៈពេល រហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាព នៃកិច្ចសន្យាថ្មីៗ។

ទន្ទឹមនេះ ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាព របស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរ ពិចារណា ផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការដាក់ពិន័យ និងជៀសវាងការរឹបអូសទ្រព្យនានា របស់អ្នកខ្ចីប្រាក់ ជាដើម។

ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ អនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែង របស់អ្នកខ្ចីប្រាក់៕

To Top