ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្ដល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះ ពាល់ជាក់ស្ដែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ ។
ការប្រកាសផ្ដល់ការយោគយល់ និងអនុគ្រោះនេះ ធ្វើឡើងតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៩ តុលានេះ បានឲ្យដឹងថា ការផ្ដល់ជូននេះ នឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹង របស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិក របស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហ ការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈ ការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្មវិធីផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់ អតិថិជន ៕