នយោបាយ

បទអត្ថាធិប្បាយ ៖ បុណ្យកឋិនជំរុញ ឱ្យមានការចូលរួមបរិច្ចាគ ទ្រព្យធនផ្ទាល់ខ្លួន ដើម្បីសង្គម និងព្រះពុទ្ធសាសនា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និង សាសនាបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ បុណ្យកឋិនទាន ក្រៅពីទទួលបាន អានិសង្សផលបុណ្យ ក៏បានជំរុញ ឱ្យមានការបរិច្ចាគទ្រព្យធន ដោយសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទគ្រប់ទិសទី ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជា ទាំងពុទ្ធចក្រ និងផ្នែកអណាចក្រ ។

បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ។ បុណ្យកឋិន តែងត្រូវបាន ដង្ហែចូល គ្រប់ទីអារាមទាំងអស់ ពុំមានវត្ដណាមួយ ខកខាននោះឡើយ ។ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានបានដង្ហែ ទៅកាន់ទីអារាមនានា នៅទូទាំងប្រទេស ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥ កើត ខែកត្តិក ។ ក្នុងរយៈពេលនេះ បើសិនជាទីអារាមណាមួយ មិនមានអ្នកផ្ដួចផ្តើម ដង្ហែកឋិនចូលទេ ទីអារាមនោះ ក៏ត្រូវតែប្រជាពុទ្ធបរិស័ទរៀបចំជាកឋិនជើងវត្ត ឬក៏កឋិនសាមគ្គី ជាចាំបាច់ដែលខានមិនបាន ។

លោកញៀន ភឿន រដ្ឋលេខាធិការ នៃក្រសួងធម្មការ និង សាសនា និងជាសមាជិក គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២២នេះថា ពិធីបុណ្យកឋិនទាននេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រមូលថវិកា យកទៅកសាង សមិទ្ធផលផ្សេងៗ មានព្រះវិហារ កុដិព្រះសង្ឃគង់នៅ សាលាធម្មសភា សាលារៀន ផ្លូវថ្នល់នៅក្នុងសហគមន៍នីមួយៗ ។

លោកបញ្ជាក់ថា ពុទ្ធបរិស័ទមានជំនឿជ្រះថ្លាណាស់ក្នុងការ ផ្តើមធ្វើបុណ្យកឋិនទាននៅតាមទីវត្តអារាមផ្សេងៗ អ្នកខ្លះទទួលធ្វើត្រៃធំ អ្នកខ្លះទទួល ធ្វើត្រៃលាង ឬត្រៃតូច ទៅតាមសទ្ធ និងលទ្ធភាព ។ ជាមួយគ្នានោះ អ្នកផ្តើមបុណ្យកឋិន ក៏បានចូលបច្ច័យសង្កត់ត្រៃ ជាច្រើនថែមទៀត ដើម្បីវេព្រះសង្ឃយកទៅចាត់ចែង កសាង សមិទ្ធផលនានា ។

បុណ្យកឋិនទាននេះ បានអង្កភាព ងាយស្រួល ដល់ប្រជាពលរដ្ឋព្រះសង្ឃគណកម្មការវត្តនីមួយៗរួមសាមគ្គីគ្នា ប្រមូលថវិកាយកទៅកសាងអ្វីមួយ ដែលមានភាពចាំបាច់ នៅក្នុងវត្ត ឬក្នុងភូមិឃុំបើមិនមានបុណ្យកឋិនទាននេះទេ ការចូលបច្ច័យក៏មិនសូវច្រើនដែរ ។
សំឡេង៖«ផលប្រយោជន៍ នៅក្នុងសង្គមខ្មែរយើងគឺ ទីញ៉ាំងចិត្តឱ្យ មានសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទទាំងក្មេងទាំងចាស់ ដើម្បីចូលរួមចំណែក ក្នុងព្រះពុទ្ធសាសនា និងអភិវឌ្ឍសង្គមជាតិ ព្រោះថា ខ្មែរយើងត្រូវការ ការកសាងគ្រប់ទីកន្លែងទាំងអស់ អ៊ីចឹងបច្ច័យ ដែលបានមកពីអង្គកឋិន ទាននេះ បានយកទៅកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសអ្នកធ្វើបុណ្យកឋិននេះ មានជំនឿថាបានអានិសង្ឃបុណ្យជាដើម»

ជាមួយគ្នានោះដែរ លោកញៀន ភឿន បានច្រានចោលការលើកឡើងថា អ្នកនៅវ័យក្មេងមិនអាចផ្តើធ្វើបុណ្យកឋិនទាន ឬទូលត្រៃបានឡើយ ដែលនាំឱ្យអាយុខ្លី រកស៊ីដាក់ និងជួបគ្រោះចង្រៃផ្សេងៗជាដើម ។ តាមពិតទៅអ្នកមានវ័យប៉ុន្មាន ក៏អាចធ្វើបុណ្យនេះបានដែរ មិនទាស់ខុសអីទេ ឱ្យតែមានសទ្ធជ្រះថ្លា ។

សំឡេង៖«វាមិនដែលបុណ្យឯណាធ្វើមិនបាន គឺអាចធ្វើបុណ្យកឋិនបានទាំងក្មេង ទាំងចាស់ធ្វើបានទាំងអស់ ព្រោះបុណ្យប្រែថាសទ្ធាជ្រះថ្លា»។
នៅក្នុងគម្ពីរ​ នៃព្រះពុទ្ធសាសនាបានឱ្យដឹងថា ៖ បុណ្យកឋិនគឺជាទាន របស់ពុទ្ធបរិស័ទទាំងឡាយ ដែលធ្វើចំពោះព្រះភិក្ខុសង្ឃ ដោយប្រគេនជាស្បង់ ចីវរឬក៏សង្ឃដិ ដោយព្រះវិន័យបានកំណត់កាល នៃការធ្វើទាននោះយ៉ាងច្បាស់លាស់ត្រឹមរយៈពេលតែ២៩ថ្ងៃប៉ុណ្ណោះ ក្នុង១ឆ្នាំ បើហួសពេលកំណត់ដូចមានចែងនេះ មិនមែនហៅថា ជាកឋិនទានឡើយ ។

ពិធីហែអង្គកឋិនទានទៅកាន់ ទីអារាមនីមួយៗគេរៀបចំធ្វើឡើង យ៉ាងអធិកអធមសប្បាយរីករាយយ៉ាងក្រៃលែង។ ចំពោះអ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខារកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ ព្រមទាំង ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វ គ្រប់អស់ហើយ ទើបគេនាំគ្នាហែទៅកាន់ទីវត្តអារាម ដែលបានកំណត់ទុក។
នៅប្រទេសកម្ពុជា ថ្វីត្បិតតែពុំមានឯកសារ ណាមួយបញ្ជាក់ ឱ្យច្បាស់លាស់ថាតើការប្រារព្ធធ្វើបុណ្យកឋិនទាន នៅក្នុងសង្គមខ្មែរ បានកើតមានតាំង ពីពេលណាក៏ដោយ ក៏អ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថា ការប្រារព្ធបុណ្យដោយធ្វើទានចំពោះភិក្ខុសង្ឃ នៃព្រះពុទ្ធសាសនានេះ បានកើតឡើងតាំងតែពីអតីតព្រះមហាក្សត្រខ្មែរ បាននាំយកសាសនាព្រះពុទ្ធ មកគោរពប្រតិបត្តិមកម៉្លេះ ៕
(អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

To Top