ព័ត៌មានជាតិ

គ.ជ.ប​ សម្រួលឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ចុះឈ្មោះបោះឆ្នោតមុនគេ​ ឆាប់បានវិលត្រឡប់​ ទៅបំពេញការងារវិញ

ភ្នំពេញ​ ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)​ ជួយសម្រួលឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស​ ចុះឈ្មោះបោះឆ្នោតមុនគេ​ ឆាប់​បានវិលត្រឡប់ទៅបំពេញការងារនៅក្រៅប្រទេសវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ គ.ជ.ប​ នាថ្ងៃទី១៩​ តុលា​ នេះ​ ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយអំពីការបេីកដំណេីរការ​ នៃការពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ២០២២​ បានឱ្យដឹងថា​ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន​ គឺពួកគាត់ត្រូវតែវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលគាត់រស់នៅ ស្របតាមឯកសារដែលគាត់មាន។

ប្រភពដដែល​ បានបញ្ជាក់ថា​ “គ.ជ.ប ជួយសម្រួល ដើម្បីឱ្យពួកគាត់បានចុះឈ្មោះមុនគេឆាប់បានវិលត្រឡប់ទៅបំពេញ ការងារវិញ។ គ.ជ.ប នឹងធ្វើការអំពាវនាវផងដែរ ដើម្បីឱ្យគាត់បានទទួលព័ត៌មានអំពីការចុះឈោ្មះបោះឆ្នោតនេះ។

គ.ជ.ប បន្ថែមថា​ ចំពោះអ្នកគ្មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត សូមទៅស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ និងត្រូវ បោះឆ្នោត។

នាកាសនោះ​ដែរ​ លោក​ មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

សូមបញ្ជាក់ថា​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់៕

To Top