ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម និងអាជ្ញាធរខេត្តកំពង់ចាម បន្តចែកពូជស្រូវ ជូនប្រជាកសិករ ស្រុកកំពង់សៀម

កំពង់ចាម៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលមានចំនួន ៤៩៧ គ្រួសារ ស្មើនឹងពូជស្រូវ ៣៣តោន ស្ថិតក្នុងឃុំចំនួន ៤ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីចែកពូជស្រូវនោះ ក៏មានការចូលរួមពី លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ក្នុងឱកាសនោះថា រយៈពេល ២ ឆ្នាំកន្លងទៅ ប្រជាពលរដ្ឋក្នុងតំបន់នេះមិនធ្លាប់ជួបប្រទះរងគ្រោះ ដោយជំនន់ទឹកទន្លេមេគង្គនោះទេ ដោយទឹកទន្លេមានត្រឹមតែកម្ពស់១២ ម៉ែត្រប៉ុណ្ណោះ ទើបតែឆ្នាំ ២០២២ នេះ ទឹកទន្លេមេគង្គឡើងកម្ពស់រហូតដល់ជាង ១៤ ម៉ែត្រ ធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតា បានរងគ្រោះខូចខាត ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននាំពូជស្រូវយកមកចែកជូនបងប្អូន ដើម្បីដាំស្ដារឡើងវិញ បានទាន់ពេលវេលា។

បន្ថែម​ពី​លើ​ការ​ចែក​ស្រូវ​ពូជ លោក រដ្ឋមន្ត្រី បានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ ហើយសង្កេតឃើញថា នៅតំបន់ខ្លះ បងប្អូនកសិករមិនទាន់ស្ដារស្រូវវិញបាន ដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើនពេក និងបានផ្ដាំផ្ញើដល់បងប្អូនកសិករ អំពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ធ្វើយ៉ាងណាជៀសវាង ការប្រើប្រាស់ជីលើសតម្រូវការ ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់ របស់ដំណាំស្រូវ ៕

To Top