ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យកងទ័ព ប្រឆាំងដាច់ខាត ចំពោះចលនាខុសច្បាប់ ដែលអាចទាញ ប្រទេសទៅរកសង្គ្រាម ។

ការដាក់បទបញ្ជានេះ ស្របពេលដែល អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលជាប់ឈ្មោះ ជាជនក្បត់ជាតិ បានកំពុងបន្តអំពាវនាវ ដល់កងកម្លាំងប្រដាប់អាវុធ ងើបឡើងបះបោរផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ។

ថ្លែងពីដែនដីព្រំប្រទល់ជាប់ប្រទេសថៃ ក្នុងខេត្តបាត់ដំបង នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើង លេខ៥៣ យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាព នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺប្រាកដជាយល់ច្បាស់អំពីអត្ថន័យ និងគុណបំណាច់នេះយ៉ាងជាក់ច្បាស់ ព្រោះបានឃើញជាក់ស្តែង នូវការផ្លាស់ប្តូរប្រែមុខប្រែមាត់ ពីតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា មកជាទីតាំងពោរពេញសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ផ្ទុយពីនយោបាយ ដើម្បីតែចំណេញរបស់អ្នកនយោបាយ ជ្រុលនិយមមួយចំនួន ដែលតែងតែធ្វើការញុះញង់ អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិ ដើម្បីធ្វើយ៉ាងណាបំពេញ មហិច្ឆិតានយោបាយរបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គួសបញ្ជាក់ថា “ដូចនេះ សូមបន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះ ឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាត់ចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញប្រទេសជាតិ ទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ”។

ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ភារកិច្ចអាទិភាពចម្បង គឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ តាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំ ក្នុងការអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដើម្បីភាពម្ចាស់ក្នុងការឆ្លើយតប ទៅគ្រប់ស្ថានការណ៍យថាហេតុនានា៕
