ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសលើកលែងទោស ដល់អ្នកបំបែកខ្លួនចេញពីទណ្ឌិត សម រង្ស៊ី (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើកលែងទោស ដល់អ្នកផ្ដាច់ខ្លួនចេញពី ទណ្ឌិត សម រង្ស៊ី ដែលកំពុង​រត់គេចខ្លួន សម្ងំនៅក្រៅប្រទេស ព្រោះ សម្ដេច មានសិទ្ធិ​ចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ ដើម្បីលើកលែងទោស។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសកម្ចាត់ចោលនូវ មនោគមវិជ្ជាជ្រុលនិយម របស់ពូជជនក្បត់ជាតិ ៣ជំនាន់។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ (សម រង្ស៊ី) អត់កម្ចាត់អ្នកណាផ្សេង។ ចឹងអ្នកដទៃ បំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង ឱ្យតែបែកចេញពីអាមួយនោះ។ ព្រោះ ខ្ញុំមានអំណាច ដើម្បីចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ លើកលែងទោស ក៏ប៉ុន្ដែក្នុងលក្ខខណ្ឌអ្នកឯង បំបែកខ្លួនចេញពីអាមួយហ្នឹង​ ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ»។

សម្ដេច ក៏បានព្រមានប្ដឹង និងរំលាយគណបក្សនយោបាយណា ដែលលួចមានទំនាក់ទំនង​ ឬដែលមានទណ្ឌិត សម រង្ស៊ី ស្ថិតនៅពីក្រោយខ្នងផងដែរ។

សម្ដេចតេជោ បញ្ជាក់បន្ថែមទៀតថា «អ្នកប្រជុំតាម Zoom ខ្ញុំដឹងហើយកំពុងនៅក្នុងដៃខ្ញុំ ព្រោះខ្ញុំ មានភ្នាក់ងារម្នាក់បានបញ្ជូននូវ ខ្សែអាត់ថតសម្លេងដែល ប្រជុំនោះជូនទៅអ្នកឯងវិញ ពេលនោះ អ្នកដាក់ចេញសេណារីយោ បើបានប៉ុន្មានកៅអី ធ្វើម៉េច បានប៉ុណ្ណេះត្រូវបែបម៉េច»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានដឹងពីអ្នកដែលទាក់ទងគ្នានៅអាមេរិក ដាក់បេក្ខជននៅរតនគិរី ផងដែរ ប៉ុន្តែចំណុចនេះនៅមិនទាន់ ចំណុចត្រូវធ្វើនោះទេ។ សម្តេចថា «អ្នកឯងត្រូវចាំ តើសព្វថ្ងៃអ្នកធ្វើយ៉ាងម៉េច ទាក់ទងគ្នាយ៉ាងម៉េច សូមធ្វើការប្រុងប្រយ័ត្នមែនទែន»។

សម្ដេចតេជោ បានលើកឡើងថា ជុំវិញបញ្ហាខាងលើនេះ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋខ្មែរ ដោយមិនទុកឲ្យមនុស្សម្នាក់ មកបំផ្លាញសន្តិភាព ដែលរកបានដោយលំបាក ៕

To Top