ព័ត៌មានជាតិ

ពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរគំរូថ្មី អស់សុពលភាព ឬសល់៩០ថ្ងៃ សូមយកមកប្តូរថ្មី

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ គំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អញ្ជើញមកបំពេញ បែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ។

បើតាមសេចក្ដី ប្រកាស ព័ត៌មានរបស់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានណែនាំដល់​ដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី មានសុពលភាព ត្រឹមរយៈពេល ១០ឆ្នាំ គិតចាប់ពី ថ្ងៃផ្តល់។ ដូច្នេះ អត្តសញ្ញាណប័ណ្ណ ដែលបានផ្តល់ជូនប្រជាពលរដ្ឋ តាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាព ប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

ដើម្បីធានានូវសិទ្ធិក្នុងការ ទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរគំរូថ្មី អស់សុពលភាព ឬសុពលភាព នៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមក បំពេញបែបបទប្តូរ យកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម ៖

ទី១-តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួន។

ទី២-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។

និងទី៣-ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបស៊ីអនម៉ល២ (Aeon Mall II) សែនសុខ។

លើសពីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្ឃឹមថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មីអស់សុពលភាព ឬជិតអស់សុពលភាព សូមមេត្តាយកចិត្តទុកដាក់ និងរួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរថ្មីឡើងវិញ៕

To Top