ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដាស់តឿនដល់មន្រ្តីទាំងអស់ ត្រូវគិតថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឲ្យអស់នូវភាពអសកម្មនានា។
ការដាស់តឿននេះ ធ្វើឡើងក្នុងពិធីជួបសំណេះ សំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប ប្រមាណជាង២ពាន់នាក់ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
ក្នុងជំនួបនេះ សម្តេចតេជោបានក្រើនរំលឹកថា «មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹម នឹងនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ក្នុងនោះមន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើ ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឲ្យអស់នូវភាពអសកម្មនានា»៕