ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ១៧ពាន់លានរៀល សម្រាប់ប្រើប្រាស់ក្នុងការឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារ ដែលជាអ្នកស្ម័គ្រចិត្ត រើលំនៅឋានចេញ ពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានកម្មការិនីឆ្លងទន្លេ ចំនួន៤២,៦០៨នាក់ កូនចំនួន ៤២,៩២២នាក់ យើងបានប្រើប្រាស់ លុយអស់១៧ពាន់លានរៀល ជាការធានាសង្គមសម្រាប់កម្មការិនីឆ្លងទន្លេ ។ ហើយបើគិតពីពេលយើង ចាប់ផ្ដើមអនុវត្ត ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្មការិនីឆ្លងទន្លេ មានចំនួន៣៣,៧២២នាក់ បានសម្រាលកូនអស់ទឹកប្រាក់ចំនួន ១៣៣ពាន់លានរៀល។ នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីសម្រាលការលំបាក ចំពោះអ្នកដែលមានផ្ទៃពោះ» ។
សម្ដេចបន្ថែមថា ក្រៅពីការឧបត្ថម្ភសម្រាល ការលំបាក របស់កម្មការិនីដែលឆ្លងទន្លេនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភ ដល់ស្ដ្រីមានផ្ទៃពោះ មានជីវភាពលំបាក ដែលជាការគ្រប់គ្រង ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ។ ការឧបត្ថម្ភនេះទៀតសោត គឺធ្វើឡើងចំនួន៤ដង មុនពេលសម្រាល ពោលចាប់តាំងពីពិនិត្យឃើញមានផ្ទៃពោះតែម្ដង ហើយក្រោយសម្រាលរួច ត្រូវឧបត្ថម្ភចំនួន១០ដងបន្ថែមទៀត។
ដោយឡែក សម្រាប់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩កន្លង រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រើប្រាស់អនុវត្តវិធី ឧបត្ថម្ភសាច់ប្រាក់ចំនួន០២ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ៕