ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ យកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ ក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ ត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។
ការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងកម្មពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១១០៧ នាក់ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា កិច្ចការដែលសម្រេចទៅបាន នាពេលកន្លងមកនេះ គឺអាស្រ័យ ដោយមានការចូល រួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ និងប្រទេសជាតិ៕