ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តពោធិ៍សាត់

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ចំនួន២០២២នាក់។

យោងតាមរបាយការណ៍ឱ្យដឹង ពីអភិបាលស្ដីទីនៃខេត្តពោធិ៍សាត់បានដឹងថា ស្ថានភាពមន្ត្រីរាជការស៊ីវិល ទូទាំងខេត្ត សរុបមានចំនួន ៥,៩៧៦នាក់ ក្នុងនោះស្រី ២,៥៨១នាក់ មន្ត្រីក្របខណ្ឌសរុបចំនួន ១,០៧៨នាក់ ស្រី៣៥៦នាក់។

នាឱកាសនោះ​ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិ៍សាត់សារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តពោធិ៍សាត់ទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម៕

To Top