ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាអាជ្ញាធរទប់ស្កាត់ឱ្យ បាននូវទង្វើបង្កចលាចលក្នុងសង្គម

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាឱ្យអាជ្ញាធររួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់ឱ្យបាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​ ក្នុងខេត្តពោធិ៍សាត់​ ចំនួន២០២២នាក់​ នារសៀលថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។

សម្ដេចតេជោ​ បញ្ជាក់ថា​ “​ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម”។

សម្ដេចតេជោ​ ក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃជាដើម ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសជិតខាងអោយបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តពោធិ៍សាត់ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយឱ្យមានការរីកចម្រើន៕

To Top