ព័ត៌មានជាតិ

លោក ឃួង ស្រេង នាំយកពូជស្រូវជាង៤តោន របស់សម្តេចតេជោ ប្រគល់ជូនរពលរដ្ឋ ៤២គ្រួសារ នៅសង្កាត់បឹងធំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយក ពូជស្រូវ ជាង៤តោន អង្ករនិងមីមួយចំនួន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូន ប្រជាពលរដ្ឋចំនួន ៤២គ្រួសារ ដើម្បីបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវត្រូវបានបំផ្លិញបំផ្លាញ ដោយទឹកជំនន់នារដូវវស្សាកន្លងនេះ។

ក្នុងពិធីចែកពូជស្រូវនិងផ្តល់អំណោយជូន ប្រជាពលរដ្ឋទាំង ៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា នៅខណ្ឌកំបូល មានផ្ទៃដីសម្រាប់ធ្វើកសិកម្មមានចំនួន២០៥២ហិកតា ហើយក្នុងចំនួននេះផ្ទៃដី សម្រាប់ធ្វើស្រែ មានចំនួន៥៤០ហិកតា ។ ក្នុងចំណោមផ្ទៃដីធ្វើស្រែ ចំនួន៥៤០ហិកតានេះ ត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀង ចំនួន៣៤ហិកតា ស្មើនិង៤២គ្រួសារ ស្មើនិង២ភូមិ នោះគឺភូមិខ្ចៅនិងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

លោក ឃួង ស្រេង បានថ្លែងថា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ជាថ្នាក់ដឹកនាំដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះគឺមានមុខសម្តេចតេជោ ចុះជួយជានិច្ច។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវអង្ករ និងមីមួយជូនប្រជាពលរដ្ឋ នៅសង្កាត់បឹងធំនេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញ ដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។

អំណោយដែលសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម,អង្ករ១បាវនិងមី១កេស។ លោកឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីអោយជីវភាពគ្រួសារ កាន់តែប្រសើរឡើង៕

To Top