ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។

កន្លងទៅនេះ ខេត្តពោធិ៍សាត់បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។

ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។

គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា៕

To Top