ព័ត៌មានជាតិ

មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើង ៣ខែ (Video)

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបាន ដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក ក្រោយឃាត់រថយន្តធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។

នាពេលថ្មីៗនេះ មានមន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង បានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា បន្ទាប់ពីបានឃើញវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរ មិនមានកំហុសទាល់តែសោះ។

ដោយទទួលបានបទបញ្ជា និងការឯកភាពពី លោកស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជើងរយៈពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុស ត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រី នៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើស ភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប៕

To Top