ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្របខណ្ឌមន្រ្តីរាជការស៊ីវិលសរុបទូទាំងខេត្ត មានចំនួន ៦,៨៦៧ នាក់ ស្រី៣,០០៧នាក់ ក្នុងនោះក្របខណ្ឌមន្រ្តីរាជការបម្រើការងារនៅរដ្ឋបាលខេត្តចំនួន ១១១នាក់ ស្រី៣៧នាក់ មន្រ្តីរាជការសាលាក្រុង ស្រុក ចំនួន៤៤៦នាក់ ស្រី ១៤២នាក់ ក្របខណ្ឌមន្រ្តីអប់រំ គ្រូបង្រៀនចំនួន ៤,៥៥៦ នាក់ ស្រី ២,០២៦នាក់ ក្របខណ្ឌមន្រ្តីសុខាភិបាល គ្រូពេទ្យ ចំនួន ៨៣០នាក់ ស្រី៥០៦ នាក់ កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅលើទឹកដីខេត្តកំពង់ឆ្នាំងផ្នែកយោធាមាន១៥មូលដ្ឋាន នគរបាលជាតិមានស្នងការនគរបាល សាលាភូមិភាគនគរបាល អធិការនគរបាលក្រុងស្រុក ប៉ុស្តិរដ្ឋបាលឃុំ សង្កាត់ ៨១មូលដ្ឋាន កងរាជអាវុធហត្ថមានបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបញ្ជាការអាវុធហត្ថក្រុង ស្រុក សរុបចំនួន៩ មូលដ្ឋាន។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ឆ្នាំងសារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម៕