ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំ ដល់កម្លាំង នគរបាលចរាចរណ៍ ត្រូវពង្រឹងរបៀបរបបធ្វើការ ហើយហាមដាច់ខាត ប្រើប្រាស់នូវពាក្យសម្ដី មិនសមរម្យ ទៅកាន់ប្រជាពលរដ្ឋ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «កម្លាំងនគរបាលចរាចរណ៍ ត្រូវពង្រឹងរបៀបរបរធ្វើការ អាប្បកិរិយាល្អស័ក្តិសមជាកងកម្លាំងអនុវត្តច្បាប់, ពង្រឹងសណ្ដាប់ធ្នាប់ តាមដងផ្លូវ ពិសេសចញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រី នគរបាលចរាចរណ៍ ដោយបង្កើតឲ្យមាន វគ្គបណ្ដុះបណ្ដាល, ហាមដាច់ខាតការប្រើប្រាស់នូវពាក្យសម្ដី មិនសមរម្យទៅកាន់ប្រជាពលរដ្ឋ»។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានណែនាំដល់នាយកមន្ទីរប្រឆាំងគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ហាម ដាច់ខាតបង្ក្រាបករណីគ្រឿងញៀនតូចតាច ពោលគឺត្រូវបង្ក្រាបបទល្មើសធំៗ ដោយសារតែយើងជាកម្លាំង របស់មន្ទីរជាកម្លាំងថ្នាក់ជាតិ ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរដល់កម្លាំង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមកបានខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ទន្ទឹមនោះក៏ត្រូវរក្សាឲ្យបាននូវចំណុចល្អៗ ជៀសវាងនូវបាតុភាពអសកម្មផ្សេងៗ ដែលអាចកើតមាន។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំទៀតថា ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ, អនុវត្តផែនការការពារជាក់ស្ដែង ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និង កិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២, គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ច ប្រជុំកំពូលអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាល, ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់, គ្រប់នាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី ខេត្ត ត្រូវពង្រឹងការគ្រប់គ្រង តាមដានព័ត៌មានតាមបណ្តាញសង្គម យកចិត្តទុកដាក់ ចំពោះការលើកសរសើរ និងការតិះតៀនពីប្រជាពលរដ្ឋ ៕