ព័ត៌មានជាតិ

ចាប់ខ្លួន នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ជាប់ពាក់ព័ន្ធនឹងបទល្មើស «ជេរប្រមាថ ជាសាធារណៈ,ការ ប្រើអំហិង្សា និងប៉ុនប៉ងមនុស្សឃាត»

ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ចាម កាលពីព្រឹក ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២នេះ បានធ្វើការចាប់ឃាត់ខ្លួន លោក សោម សំស័ក្ត ជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ជាប់ពាក់ព័ន្ធនឹងការ ជេរប្រមាថជាសាធារណៈ ការប្រើអំហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ទៅលើស្ត្រីរងគ្រោះ ម្នាក់ ប្រព្រឹត្ត នៅក្នុងភូមិមណ្ឌល់២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា៖ ការចាប់ខ្លួនលោក សោម សំស័ក្ត នេះ ត្រូវបានធ្វើឡើង ដោយយោង តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ ចៅក្រមស៊ើបសួរតុលាការខេត្តកំពង់ចាមលោក សួស ឡា ដែលបានចោទប្រកាន់គាត់កំបាំងមុខ ពីបទ «ជេរប្រមាថជាសាធារណៈ ហិង្សាដោយចេតនា និងប៉ុនប៉ង់ឃាតកម្ម» ប្រព្រឹត្ដនៅចំណុចភោជនីយដ្ឋាននាគមាស ស្ថិតក្នុងភូមិមណ្ឌល់២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននិយាយថាៈ ការឃាត់ខ្លួន លោក សោម សំស័ក្តនេះ ត្រូវបានធ្វើឡើង នៅចំណុចផ្លូវលេខ ១១៨ ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់ថាៈ បន្ទាប់ពីការឃាត់ខ្លួនគាត់ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានប្រគល់ឈ្មោះ សោម សំស័ក្ត ឱ្យទៅ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយៈ លីក្សា

To Top